ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបេីករថយន្តRav4 ក្នុងល្បឿនលឿនហេីយរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កឲ្យមានកកស្ទះចរាចរណ៍ជាខ្លាំង កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្ទុបវត្តចាក់អង្រែ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក Rav4ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-1347 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចស្ទុបត្រង់កន្លែងកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កបែកកង់ និងដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំ រីឯរបាំងថ្មបានបាក់អស់១កង់ ។ ភ្លាមៗគេឃេីញបុរសម្នាក់ជាតៃកុងរថយន្តបង្កបានបេីកទ្វាចុះមកក្រៅទាំងសភាពរេចុះ រេឡេីង ដូចជាស្រវឹងស្រា ។
ក្រោយកេីតហេតុមួយសន្ទុះ នៅកន្លែងកេីតហេតុក៏មានការកក់ស្ទះចរាចរណ៍ជាខ្លាំងផងដែរ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ជួយសម្រួលចរាចរណ៍ និងបានប្រញាប់ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ