ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត (២១៧)។
ជាក់ស្ដែងកម្លាំងជំនាញ ចុះពិនិត្យឃើញថា មានការដាក់តាំងស្លាកយីហោហ្វូតូកូធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ និងពិបាកដល់ការធ្វើដំណើរឆ្លងកាត់របស់សិស្សនុសិស្សពេលម៉ោងចេញ-ចូលសាលារៀន។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមករាម្សិលមិញនេះ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។
ជាមួយគ្នានេះ កម្លាំងជំនាញ បានធ្វើការផាកពិន័យរថយន្តក្រុងឈប់ចតកកស្ទះចរាចរណ៍ នៅផ្លូវសម្តេចព្រះមុន្នីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យផងដែរ៕
ដោយ៖សហការី