លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនក្មួយៗសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនក្មួយៗសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ លោក លោកស្រី ប្រធានក្រុមការងារចុះឃុំ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណ:អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោកស្រី នាយក នាយិកា នាយករង នាយិការង និងក្មួយៗជ័យលាភី។

ជាបឋម លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតំបែរមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលការិយាល័យអប់រំ យុវជន និងកីឡាស្រុកទទួលបាន។ បច្ចុប្បន្ន នៅទូទាំងស្រុកមានគ្រឹះស្ថានសិក្សារដ្ឋចំនួន៦៣កន្លែង ក្នុងនោះវិទ្យា ល័យ ៣កន្លែង អនុវិទ្យាល័យ ៧កន្លែង និងបឋមសិក្សាម ៥៣កន្លែង ដែលមានមត្តេយ្យសិក្សា ក្នុងបឋមចំនួន ២៣កន្លែង មានមត្តេយ្យសិក្សាសហគមន៍ ២៦កន្លែង ព្រមទាំងសាលាចំណេះទូទៅឯកជន និងសាលាភាសាបរទេសឯកជនមួយចំនួនទៀត។ បុគ្គលិកអប់រំសរុបមានចំនួន ៥០៤នាក់ (ស្រី ២៣១) ក្នុងនោះគ្រូកម្រិតឧត្តម ៥៣នាក់ (ស្រី ១៥) គ្រូកម្រិត មូលដ្ឋាន ១២០ នាក់ (ស្រី៣៧) គ្រូកម្រិតបឋម ៣២១នាក់ (ស្រី ១៦៨) គ្រូមត្តេយ្យ ១១នាក់ (ស្រី១១) គ្រូជាប់កិច្ចសន្យា ១៥៨នាក់ (ស្រី ១០២) គ្រូ ២ពេល ៦៦នាក់ (ស្រី ៣០)។ មានថ្នាក់រៀនសរុបចំនួន ៥៣១ថ្នាក់ ស្មើនឹង ១៨ ៧៣៥នាក់ (ស្រី៩ ៣៤៦) ក្នុងនោះថ្នាក់មធ្យមសិក្សាមាន ១០៣ថ្នាក់ មានសិស្សចំនួន ៤ ៩៣៦នាក់ (ស្រី ២៨២) ថ្នាក់បឋមសិក្សា ៤២៨ថ្នាក់ មានសិស្សចំនួន ១៣ ៧៩៩ នាក់ (ស្រី ៦ ៥៦៤) និងថ្នាក់មត្តេយ្យរដ្ឋមាន ៤៩ថ្នាក់ មានសិស្សចំនួន ១ ២៩៤នាក់ (ស្រី ៦៨៤)។ ចំណែកថ្នាក់មត្តេយ្យសិក្សាសហគមន៍មាន ២៦ ថ្នាក់ មានសិស្សចំនួន ៦៦៤នាក់ (ស្រី៣៥២) ។ ចំពោះលទ្ធផលប្រឡងថ្នាក់ជាតិទាំង ២កម្រិតមាន៖

១- ថ្នាក់ទី៩ មានសិស្សចំនួន ៩៧៥នាក់ (ស្រី៦៥៦) ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៨៦១នាក់ និងបានប្រឡងជាប់ ៨០៥នាក់ (ស្រី៥៦៦)។

២- ថ្នាក់ទី១២ មានសិស្សមកប្រឡងចំនួន ៣៦៦នាក់ (ស្រី ២២៩) បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយប្រឡងជាប់ជាស្ថាពរសរុប ២៧៦នាក់ (ស្រី១៧៩) ក្នុងនោះនិទ្ទេស A ២នាក់ (ស្រី១) និទ្ទេស B ៩នាក់ (ស្រី៧) និទ្ទេស C ៥៤នាក់ (ស្រី៤១) និទ្ទេស D ៩៥នាក់ (ស្រី៥៩) និទ្ទេស E ១១៦នាក់ (ស្រី៧១)។

មានមតិសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស លោកប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិត ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកសាបព្រោះ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែបវិទ្យា សាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។ល។ ក្នុងឆន្ទ:អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាឆ្អឹងខ្នងក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ លោកប្រធាន បានបន្តទៀតថា លទ្ធផលដែលយើងសម្រេចបាននាពេលនេះ គឺបានមកពីការខិតខំរបស់ក្មួយៗ មាតា បីតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយរដ្ឋមន្រ្តី បានបង្កើតសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណល្អប្រសើរដល់ក្មួយៗបានចូលរៀនដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួននាពេលអនាគត។

ឆ្លៀតយកឱកាសនេះ លោកប្រធានបានធ្វើការអប់រំ ណែនាំបន្ថែមដល់ក្មួយៗសិស្សានុសិស្ស ទាំងចំណេះដឹង និងបទពិសោធន៍ ទុកជាពុទ្ធិសម្រាប់យកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែម នាពេលអនាគត ដែលមានខ្លឹមសារដូចខាងក្រោម៖

– ការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិរបស់ក្មួយៗ គឺជាមោទនភាពហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺជាឱកាសដ៏ប្រសើររបស់ក្មួយៗចាកចេញពីស្រុកកំណើតទៅស្វែងរកចំណេះជំនាញសម្រាប់កសាងអនាគតរបស់ខ្លួន តាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទូទាំងប្រទេស។ ដូច្នេះក្មួយៗត្រូវត្រៀម លក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ ឆន្ទ:តស៊ូ ពុះពារ និងជាពិសេសសុខភាព។

– ក្មួយៗត្រូវខិតខំរៀនសូត្រ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវច្បាប់ វិន័យរបស់សាលា ត្រូវមានសីលធម៌ និងទម្លាប់ វិន័យត្រឹមត្រូវល្អ អំណត់ អត់ធន់តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាសិស្សល្អ និងពលរដ្ឋល្អនាពេលអនាគត។

– ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានមួយដ៏មានតម្លៃ។ ដូច្នេះ ក្មួយៗគ្រប់រូប ត្រូវខិតខំស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

– ក្មួយៗ ត្រូវចៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ត្រូវខិតខំរៀនសូត្រអំពីច្បាប់សំខាន់ៗរបស់ជាតិ ដើម្បីប្រែក្លាយជាពលរដ្ឋមួយរូបមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានវិន័យ សីលធម៌ល្អ។

សម្រាប់សិស្សនិទ្ទេស A ម្នាក់ៗបានទទួលប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារ ដោយឡែក សិស្សទទួលបាននិទ្ទេស BCD និង E ម្នាក់ៗបានទទួលប្រាក់រង្វាន់ ១០ម៉ឺនរៀល។ នាយក នាយិកា ក៏បានទទួលប្រាក់រង្វាន់ផងដែរ។ ចំពោះសាលាមធ្យមសិក្សា ហ៊ុន សែន ចាថ្មី លោកប្រធានបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល សម្រាប់ទុកប្រើប្រាស់តាមការចាំបាច់៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print