ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់មួយចំនួន ចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួន៤ ក្នុងសង្កាត់ប្រទះឡាង រួមមានៈ ភូមិអង្គ ភូមិភា ភូមិតាំងរនាម និងភូមិប្រទះឡាង ព្រមទាំងចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវទាំងនោះផងដែរ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌបានមានមតិផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ជាពិសេសដោយសាររដូវនេះជារដូវប្រាំង ដូច្នេះបញ្ហាទឹកជាបញ្ហាសំខាន់សម្រាប់ការងារកសិកម្ម ហើយដោយមើលឃើញពីតម្រូវការនេះ រដ្ឋបាលខណ្ឌបានដាក់ឲ្យដំណើរការម៉ាស៊ីនបូមទឹក នៅស្ថានីយ៍បូមទឹកសម្តេច ហ៊ុន សែន ទី៣៩ ដើម្បីបង្ហូរទឹកចូលក្នុងស្រែរបស់ប្រជាពលរដ្ឋទាំង៤ភូមិ លើផ្ទៃដីស្រែប្រមាណ ៨០ហិកតា។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌក៏បានឧបត្ថម្ភនូវប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការបូមទឹកនេះ និងលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹករាជធានីឧបត្ថម្ភប្រេងម៉ាស៊ូត ៥០០លីត្រផងដែរ។
បងប្អូនប្រជាកសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខណ្ឌ សង្កាត់ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះការលំបាកនានារបស់ពួកគាត់ តួយ៉ាងដូចជាបញ្ហាកសិកម្មនេះជាដើម៕
ដោយ៖ ភារ៉ាដង្កោ