រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប សម័យប្រឡងឆ្នាំ២០២១ មកពីស្រុកក្រុងចំនួន០៤ សរុបចំនួន ១៥៦០នាក់ នៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ មេមត់ ក្រូចឆ្មារ និងក្រុងសួង ខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប សម័យប្រឡងឆ្នាំ២០២១ មកពីស្រុកក្រុងចំនួន០៤គឺ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងក្រុងសួង សរុបចំនួន ១៥៦០នាក់ នៅខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួង ក្រុមការងារចុះជួយខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាយក-នាយករងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់។

សូមជម្រាបថាសិស្សនិទ្ទេសA ចំនួន៣៨នាក់ ដែលទទួលថវិកាជាកាដូលើកទឹកចិត្តនាពេលនេះ គឺមកពីចំនួន០៤ស្រុកប៉ុណ្ណោះ ខណៈទូទាំងខេត្តត្បូងឃ្មុំ ជាប់និទ្ទេសAមានចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប២៩៤៤នាក់។

មានប្រសាសន៍ទៅកាន់ប្អូនៗក្មួយៗ និងមាតាបិតា អាណាព្យាបាលសិស្ស លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេង សម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ពិសេសរហូតទទួលបាននិទ្ទេស A។

នាឳកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នា ដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា។

ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ក្នុងនាមឯកឧត្តម ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកក្រុងទាំង០៤នេះ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្ត នូវថវិកា មួយចំនួន ដើម្បីក្មួយៗប្រើប្រាស់ឲ្យចំគោលដៅ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សា។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង។

ក្នុងឳកាសសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់:
-និទ្ទេសAចំនួន៣៨នាក់ក្នុងម្នាក់ ៥០០ដុល្លា
-និទ្ទេស B C D E ១៥២២នាក់ក្នុងម្នាក់ ១០០,០០០រៀល
-ប្រធានការិយាល័យអប់រំស្រុក នាយក-នាយិកាវិទ្យាល័យ ចំនួន១៩នាក់ ក្នុងម្នាក់១០០ដុល្លា
-និងអនុប្រធានការិយាល័យអប់រំស្រុក នាយក-នាយករងវិទ្យាល័យ ៣៤នាក់ ក្នុងម្នាក់៥០ដុល្លា សរុបថវិកាទាំងអស់ ៥៩,៩៧២ដុល្លារ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print