ភ្នំពេញ ៖ លោក វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានបក្សខ្មែរក្រោក ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់អោយនាំខ្លួនមកកាន់សាលាដំបូង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២នេះ ដើម្បីសាកសួរនៅក្នុងនីតិវិធីបើកការស៊ើបសួររបស់តុលាការ ។
លោក វឌ្ឍនាសាប៊ុង ហៅ William Guang និងសមាជិកនៃក្រុមចោរប្លន់ប្រដាប់អាវុធរបស់គាត់ត្រូវបានអនុរ័ក្សពន្ធនាគារដឹកបញ្ជូនមកប្រគល់អោយលោក កូយ សៅ ជាចៅក្រមសើបសួរក្នុងរឿងក្ដីនេះ ហើយនៅពេលរសៀលថ្ងៃដដែល តុលាការនឹងបន្តសើបសួរប្រពន្ធរបស់លោក វីលៀម ដែលកំពង់ជាប់ឃុំឃាំងនៅមណ្ឌល់កែប្រែម២ព្រៃស បន្តទៀត ។លោកវឌ្ឍនាសាប៊ុង រួមជាមួយជនសង្ស័យចំនួន ១១នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងករណីប្លន់អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ធ្នូ ឆ្នាំ២០២១ នៅខណ្ឌពោធិ៍សែនជ័យ បានរងនូវការចោទប្រកាន់ពីបទ « អំពើលួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទប្រើប្រាសឯកសារក្លែង » តាមមាត្រា ៣៥៦, ៣៥៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើត្រូវបានកាត់ ទោស ពួកគេប្រឈម នឹងការជាប់ពន្ធនាគារពី ៣ ទៅ១០ឆ្នាំ ។នៅឯបន្ទាយកងរាជអាវុធហត្ថរាជធានី លោកវីលៀម បានសារភាពថាលោកជាអ្នកដឹកនាំប្លន់ផ្ទះជនរងគ្រោះដោយផ្ទាល់នៅថ្ងៃកើតហេតុ ហើយមូលហេតុដែលកើតមានអំពើប្លន់នោះដោយសារតែអ្នកលក់ឡេតាមអនឡាញនោះសំញ៉ែងទ្រព្យសម្បត្តិតាមហ្វេសបុកខ្លាំងពេក ។
កាលពីដើមខែឧសភា ឆ្នាំ ២០២០ កន្លងទៅលោក វឌ្ឍនាសាប៊ុង ត្រូវបានបញ្ចប់ពីសមាជិកភាពនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី បន្ទាប់ពីមានសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕ដោយ រ៉ារ៉ា