ប្រទេសកោះតុងហ្គាប្រឈមនឹងគ្រោះមហន្តរាយបរិស្ថានជាច្រើនដោយសារតែឥទ្ធិពលនៃការផ្ទុះភ្នំភ្លើង។ ក្រោយការស្រាវជ្រាវវាយតម្លៃតាមរូបភាពពីផ្កាយរណបបង្ហាញឱ្យឃើញថា តុងហ្គាអាចប្រឈមនឹងបញ្ហាជាច្រើនប៉ះពាល់ដល់ផ្កាថ្ម បំផ្លាញឆ្នេរសមុទ្រ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនោះ។ ក្រុមអ្នកស្រាវជ្រាវនាពេលថ្មីៗស្តីពីប្រវត្តិសាស្ត្រនៃការផ្ទុះភ្នំភ្លើង បង្ហាញឱ្យឃើញថា ការផ្ទុះភ្នំភ្លើងនៅតុងហ្គាគឺកម្រជួបប្រទះណាស់ គឺ រាប់ពាន់ឆ្នាំមានម្តង ។ ក្នុងពេលអនាគត តុងហ្គាអាចប្រឈមនឹងផលប៉ះពាល់យូរអង្វែង ពិសេសគឺភ្លៀងអាស៊ីដដែលអាចបំផ្លាញវិស័យកសិកម្ម ជីវៈចម្រុះ ដាំណាំ…។ ប្រទេសតុងហ្គាមានផ្ទៃដែនសមុទ្ររហូតដល់ទៅ៧សែនគីឡូម៉ែត្រក្រឡា ធំជាងដីគោកដល់ទៅ១០០០ដង ។ ពលរដ្ឋរស់នៅភាគច្រើនពឹងផ្អែកទៅលើដែនសមុទ្រមាននេសាទជាដើម ហើយការផ្ទុះភ្នំភ្លើងនៅបាតសមុទ្របានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋយូរអង្វែង។ ក្នុងពេលនេះដែរជំនួយពីខាងក្រៅទៅកាន់ប្រទេសតុងហ្គាទើបតែចាប់ផ្តើមក្រោយការផ្ទុះភ្នំភ្លើង៥ថ្ងៃ ដោយសារតែអាកាសយានដ្ឋានទើបតែសម្អាតធូលីភ្នំភ្លើង។ រដ្ឋាភិបាលអូស្ត្រាលី និងនូវែលហ្សេឡង់ បានប្រកាសនៅថ្ងៃទី២០ខែមករាថា យន្តហោះយោធាដឹកជំនួយរបស់ពួកគេជាលើកដំបូងបានចាកចេញទៅកាន់ប្រទេសដីកោះ Tonga ហើយ ដោយត្រូវប្រើប្រាស់ពេលលើសពី ២ម៉ោងទើបទៅដល់ព្រលានយន្តហោះសំខាន់របស់ Tonga ដែលទើបត្រូវបានសម្អាតកាកសំណល់ធូលីផេះផង់ចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផ្លូវអាកាសឡើងវិញ។ យន្តហោះយោធាដឹកជំនួយដែលអូស្ត្រាលីបានបញ្ជូនទៅ Tonga នោះគឺជាប្រភេទ C17 ខណៈនូវែលហ្សេឡង់វិញគឺ C-130 ។ ការហោះហើរត្រូវបានពន្យារពេល ក្រោយការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិវាយប្រហារដែនកោះនានារបស់ Tonga កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយទាំងសេវាអុីនធើណេត និងប្រព័ន្ធធ្វើទំនាក់ទំនងមួយចំនួនទៀតត្រូវបានកាត់ផ្តាច់ទាំងស្រុង៕ ដោយសាធី
រូបថត៖getty Images.