ប្រធានាធិបតីប្រេស៊ីលប្រឈមនឹង បញ្ហាជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ ធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសនេះក្រោក ឈរឡើងធ្វើបាតុកម្មជាបន្តបន្ទាប់ ពិសេសក្រោយពេលលោកស្រីបានតែងតាំងអតីតប្រធានាធិបតីស៊ីលវ៉ាកាន់តំណែងនៅក្នុងជួររដ្ឋាភីបាល ដែលជាហេតុធ្វើឲ្យពលរដ្ឋកាន់តែខឹងសម្បាថែមទៀត។
នៅពេលនេះវាសនារបស់ប្រធានាធិបតីស្ថិតនៅក្នុងដៃព្រឹទ្ធសភាក្រោយពេលរដ្ឋសភាបានបើកភ្លើងខៀវឲ្យសមាជិកព្រឹទ្ធ សភាទាំង៨១រូបចាប់ផ្តើមជជែកពិភាក្សាគ្នាលើនីតិវិធីទម្លាក់លោកស្រីឌីលម៉ានៅថ្ងៃចន្ទ ទី១៨ ខែមេសា។ ការបោះឆ្នោតនៅ ព្រឹទ្ធសភានឹងត្រូវធ្វើឡើងជា២ ដំណាក់ កាលទី១-គឺការបោះឆ្នោតដោយយកសំឡេង៥០បូក១ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១១ ខែឧសភា និងដំណាក់កាលទី២-ចុងក្រោយគឺការបោះឆ្នោតដោយត្រូវការសំឡេងគាំទ្រចំនួន២ភាគ៣ដែលគ្រោង នឹងរៀបចំចាប់ពីពាក់កណ្តាលខែឧសភា។
បើការបោះឆ្នោតនៅដំណាក់កាលទី១មិនទទួលបានសំឡេងគាំទ្រ៥០បូក១ទេ នីតិវីធីទម្លាក់លោកស្រី ឌីលម៉ា នឹងកប់ ចោលត្រឹមនេះហើយលោកស្រីឌីលម៉ានឹងត្រូវកាន់តំណែងរហូតដល់ចប់អាណត្តិនៅឆ្នាំ២០១៨។ តែបើមានសំឡេង៥០បូក១នៅក្នុងការបោះឆ្នោតនាដំណាក់កាលទី១លោកស្រីឌីលម៉ានឹងត្រូវគេព្យួរតំណែង រយៈពេលច្រើនបំផុតចំនួន១៨០ថ្ងៃដោយ រង់ចាំការបោះឆ្នោតផ្តាច់ព្រ័ត្រក្នុងដំណាក់កាលទី២។ក្នុងករណីមានការព្យួរតំណែងលោកស្រី ឌីលម៉ា រយៈពេល១៨០ថ្ងៃគឺ លោកអនុប្រធានាធិបតី Michel Temer ជាអ្នកកាន់ជំនួស។
ចំណែកការបោះឆ្នោតសម្រាប់ដំណាក់កាលទី២នៅព្រឹទ្ធសភានឹងធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានតុលាការកំពូល។បើនីតិវិធីទម្លាក់លោកស្រី ឌីលម៉ា ទទួល បានសំឡេងគាំទ្រ២ភាគ៣នៅដំណាក់ កាលទី២ តំណែងលោកស្រីឌីលម៉ានឹងត្រូវ ចប់ជាស្ថាពរ ហើយលោកអនុប្រធានាធិបតី Michel Temer នឹងឡើងជំនួសកន្លែង លោកស្រីឌីលម៉ារហូតដល់មានការរៀបចំបោះឆ្នោតសភានិងប្រធានាធិបតីក្នុងឆ្នាំ ២០១៨។
បើតាមមើលទៅលោកស្រី ឌីលម៉ា ប្រហែលជាធ្លាក់ពីអំណាចដោយមិនអាចគេចផុតហើយ។ សូម្បីតែរូបលោកស្រីឌីលម៉ាខ្លួនឯងក៏បានដឹងយ៉ាងច្បាស់ថាអ្វីៗ បានឈានចូលដល់ទីបញ្ចប់ហើយ។ គួររំលឹកជូនឡើងវិញបន្តិចថា ករណី ដែលបាន និងកំពុងកើតមានលើលោក ស្រី ឌីលម៉ា រូសែហ្វ ពេលនេះមិនមែនជា ករណីលើកទី១នៅប្រេស៊ីលទេ។ ករណីនេះធ្លាប់បានកើតមានម្តងក្នុងឆ្នាំ១៩៩២ លើរូបលោកប្រធានាធិបតីប្រេស៊ីល Fernando Collor de Mello។ កាលណោះ លោក Mello ត្រូវបានគេទម្លាក់ពីអំណាចតាមនីតិវិធីនៅសភាទាំងពីរ។
ដូច្នេះ ករណីលោកស្រីឌីលម៉ាមិនមែនជារឿងថ្មីទេតែសំណួរដែលគ្រប់គ្នាកំពុងចោទសួរពេលនេះគឺថាតើទង្វើរបៀបនេះមិន មែនជារដ្ឋប្រហារស៊ីវិលទេ ឬយ៉ាងណា? និងថាតើនិតីវិធីរបៀបនេះមិនមែនជាការ គំរាមកំហែងលទ្ធិប្រជាធិបតេយ្យទេឬយ៉ាង ណា? គេមិនអាចផ្តល់ចម្លើយជាលក្ខណៈទូទៅសម្រាប់គ្រប់ប្រទេសបានទេ ព្រោះ វាអាស្រ័យលើច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស នីមួយៗ។ ម្យ៉ាងទៀតរូបប្រធានាធិបតីជាមនុស្សដែលមិនមែនធ្វើអ្វីសុទ្ធតែត្រូវនិងធ្វើអ្វីសុទ្ធតែគ្រប់គ្នាពេញចិត្តទាំងអស់ឡើយ ពោលតែងតែមានកំហុសឆ្គង។ ប៉ុន្តែ ចំណោទនៅត្រង់ថា លោកស្រី ឌីលម៉ា ដែលបានជាប់ឆ្នោតដោយការបោះឆ្នោត របស់ពលរដ្ឋប្រេស៊ីលបែរជាកំពុងទទួល រងការទម្លាក់ពីអំណាចរបស់សភាទាំង២ទៅ វិញ។ នៅត្រង់ចំណុចនេះមានការលើក ឡើងថា ការគំរាមកំហែងលទ្ធិប្រជាធិប តេយ្យ ព្រោះចង់ឬមិនចង់ប្រធានាធិបតីប្រេស៊ីលរូបណាក៏ដោយដែលជាប់ឆ្នោតដោយប្រជាជនក៏អាចនឹងប្រឈមការទម្លាក់ ពីអំណាចគ្រប់ពេលដែរ។ អ្វីដែលជាការ បារម្ភគឺខ្លាចតែទង្វើរបៀបនេះត្រូវបានអ្នក នយោបាយយកទៅប្រើដើម្បីសងសឹក ទម្លាក់គ្នាពីអំណាច។ តែបើទម្លាក់ដោយ សារតែក្បត់ជាតិឬមួយក៏មិនបានបំពេញ តួនាទីត្រឹមត្រូវរបស់ខ្លួនគឺជារឿងល្អ។
ករណីលោកស្រីឌីលម៉ា រូសែហ្វ មាន អាយុ៦៨ឆ្នាំដែលមានប្រជាប្រិយភាពតាំងពីជិត៨០ភាគរយធ្លាក់ដល់១០ភាគរយ កំពុងជាប់ចោទលើករណីមួយចំនួន ពិសេសទាក់ទិននឹងរឿងអាស្រូវពុករលួយនៅក្នុងក្រុមហ៊ុនប្រេងឥន្ធនៈរបស់រដ្ឋ ឈ្មោះប៉េត្រូប្រាស (Petrobras) និងការគ្មានតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៤៕
ប្រែសម្រួល៖ ម៉ែវ សាធី