ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ចំណែកម្ចាស់រថយន្តទាំងពីរបានចុះមកប្រកែកគ្នាយកត្រូវរៀងៗខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2AQ- 6079 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុបម្រុងបត់ឆ្វេង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខONG202 2-657 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយជ្រុលទៅកៀរចំចំហៀងខាងមុខផ្នែកខាងស្ដាំរថយន្តសាំយ៉ុងបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួចទាំងសងខាង បន្ទាប់មកភាគីទាំងពីរបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កយល់ព្រមសងការខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយនិន សុភ័ស្ត