ក្រសួងសុខាភិបាលណែនាំ ការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា , ស្ថាន ភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង កំពុងតែចរាចរយ៉ាងសកម្មនៅតាមបណ្តាប្រទេសលើសកល លោក ហើយព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវករណីវិជ្ជមានវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច។ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងស្ថានភាពឆ្លងរាលដាលបានល្អប្រសើរ បើទោះបីជា ប្រទេសកម្ពុជានៅបន្តរកឃើញវីរុសនេះក្តី តែប្រជាជនកម្ពុជាបាន និងកំពុងរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី ជាមួយនឹងវត្តមានវីរុសកូវីដ-១៩ នៅក្នុង បរិបទនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះ ពាល់លើសុខភាពសាធារណៈ និងលើសេដ្ឋកិច្ច-សង្គម ឱ្យបានជាអតិបរមា ព្រមទាំងបន្តរក្សានូវនិរន្តភាពនៃការរស់នៅ ធម្មតាតាមប្រក្រតីភាពថ្មីនេះ ឱ្យបានយូរអង្វែងផងដែរ។

ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញទំនិញ និងចរាចរនូវបសត្វបក្សីច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាន នៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។ ម្យ៉ាង វិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬ ពុលស្រា ស ក៏តែងតែសង្កេតឃើញកើតមានឡើង នៅតាម តំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេស ដែលយើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ។

អាស្រ័យហេតុនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវ និងធ្វើការក្រើន រំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ ការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ពិធី សែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយអនុវត្តវិធានការដូចខាងក្រោម៖

អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើម) ។

. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់ បន្ទាប់ពីការប៉ះពាល់សត្វ បោច សំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។

គួរត្រូវជៀសវាង ការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋាន ចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។

ជៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបក្សីរស់ ឬសម្ភារៈនានា ជាពិសេស ត្រូវចេះត្រៀម លក្ខណៈទុកជាមុនពីចម្ងាយ ជៀសវាងការកកស្ទះ ឬការកកកុញ មនុស្សច្រើន នៅតាមទីផ្សារ ឬហាង នៅក្នុងថ្ងៃត មួយ ឬក្នុងថ្ងៃនៃពិធីនានាជាដើម។

ទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា។
ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូប អាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព។

ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (បើត្រជាក់ ត្រូវតិចជាង ៥អង្សាសេ និងបើក្ត គឺត្រូវលើសពី ៦០អង្សាសេ ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាចផ្លូម ឬ មានដុះផ្សិត ដែលបង្កឱ្យមានការរាគរូស ឈឺពោះ · ក្អួត ជាដើម។

. ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ។

បើសង្ស័យថាមានឆ្លងវីរុសផ្តាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន៖ គ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់សត្វបសុបក្សីឈឺ ឬស្លាប់ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញ សូមទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតុការណ៍១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នក។
អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តវិធានការការពារខាងលើ ជាពិសេស៖

→ នៅតាមកសិដ្ឋាន ទីផ្សារលក់សត្វបសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារ ឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្ដាសាយបក្សីក្នុងសហគមន៍របស់ខ្លួន។ នៅមូលដ្ឋានរបស់ខ្លួន ចាត់ចែងការត្រួតពិនិត្យចំពោះ វិធានការ ៣ការពារ ៣កុំ និងវិធានការសុវត្ថិភាពចំណីរអាហារ។

– ត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការ អនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print