អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបាននាំកូវីដ-១៩ទៅកាន់ដំណាក់កាលថ្មីអាចធ្វើឱ្យកូវីដ-១៩ ត្រូវបញ្ចប់នៅក្នុងតំបន់នេះ។ អគ្គនាយកWHO ប្រចាំនៅតំបន់អឺរ៉ុប លោក Hans Kluge បានបញ្ជាក់ថា «អាចនិយាយបានថា កូវីដ-១៩នៅក្នុងតំបន់អឺរ៉ុបបានស្ថិតនៅក្នុងដំណាក់កាលបញ្ចប់។ លោកបន្តទៀតថា ពលរដ្ឋអឺរ៉ុប៦០%នឹងឆ្លងអូមីក្រុងក្នុងរយៈពេល៣ខែខាងមុខ»។ នៅក្នុងតំបន់អឺរ៉ុប មន្ត្រីWHOបានបញ្ជាក់ថា នៅក្នុង៥៣ប្រទេសមានករណីឆ្លងអូមីក្រុងស្មើ១៥%គិតត្រឹមថ្ងៃទី២០ខែមករា បើប្រៀបធៀបនឹងសប្តាហ៍កន្លងមកមានតែ៦,៣%ប៉ុណ្ណោះ ។ បច្ចុប្បន្នអូមីក្រុង ជាវីរុសកំពុងតែគ្រប់គ្រងការឆ្លងនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាតំបន់ប្រទេសចាយប្រាក់រួម អឺរ៉ូ ។ ក្នុងពេលអូមីក្រុងនៅក្នុងតំបន់អឺរ៉ុបមានសញ្ញាថយចុះ តំបន់ទាំងមូលនឹងមានភាពស៊ាំទប់ស្កាត់ការឆ្លងកូវីដ-១៩ពីការចាក់វ៉ាក់សាំង ក៏ដូចជា ករណីជាសះស្បើយពីកូវីដ-១៩ ។ លោក Kluge បានបញ្ជាក់ថា «យើងនឹងមានពេលវេលាស្ងប់ស្ងាត់មុនពេលកូវីដ-១៩ ផ្ទុះជាថ្មីនៅចុងឆ្នាំនេះ ប៉ុន្តែបើមានការផ្ទុះថ្មីទៀតមិនមែនជាជំងឺឆ្លងសកលនោះឡើយ គឺអាចទប់ស្កាត់បាន»។ ក្រុមអ្នកជំនាញបានលើកឡើងថា កូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ងាយស្រួលឆ្លងជាងដែលតា និងកូវីដ-១៩បំប្លែងផ្សេងទៀត ប៉ុន្តែមិនសូវធ្ងន់ធ្ងរចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់នោះទេ ។ ទាំងនោះហើយគឺជាក្តីសង្ឃឹមក្នុងការគ្រប់គ្រងទប់ស្កាត់ដូចជាជំងឺផ្តាសាយធំ៕ ដោយសាធី
រូបថត៖AFP.