ពិធីសម្ពោធផ្ទះបាយ និងកន្លែងសិស្សទទួលទានអាហារគំរូនៅសាលាបឋមសិក្សាស្មែត

ចែករំលែក៖

ខេតកំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២  ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោកបានរៀបចំពិធីសម្ពោធផ្ទះបាយ និងកន្លែងសិស្សទទួលទានអាហារគំរូនៅសាលាបឋមសិក្សាស្មែត ដែលជាជំនួយគាំទ្រពីសាធារណៈរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)។

ពិធីសម្ពោធសមិទ្ធផលទាំងនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លោក យុនជុន រ៉ូ នាយកប្រចាំប្រទេសទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ និងលោកស្រី ខ្លែ ខូនែន នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោក និងប្រតិភូអមដំណើរពីអង្គភាពនានាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមួលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា  លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្ស ប្រហែល៤០០នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ដែលបានជួយសាងសង់កន្លែងចម្អិនអាហារ និងកន្លែងសិស្សទទួលទានអាហារ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នឹងបន្តជួយសាងសង់កន្លែងចម្អិនអាហារចំនួន៣កន្លែងផ្សេងទៀតនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។ 

កម្មវិធីផ្តល់អាហារតាមសាលារៀនជាផ្នែកមួយស្ថិតក្រោមក្របខណ្ឌគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គមដែលមិនត្រឹមតែជួយលើកកម្ពស់ការសិក្សារបស់សិស្សប្រកបដោយសមធម៌ និងបរិយាបន្នប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ការរកប្រាក់ចំណូលរបស់សហគមន៍តាមរយៈការប្រើប្រាស់ផលិតផលដែលដាំដុះ និងអាចរកទិញបានពីសហគមន៍។ 

លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានអំពាវនាវឱ្យសហគមន៍បន្តជួយគាំទ្រ និងប្រើប្រាស់សមិទ្ធផលដែលបានដាក់សម្ពោធនាថ្ងៃនេះប្រកបដោយការយកចិត្តទុកដាក់ ថែរក្សា និងការពារសមិទ្ធផលទាំងនេះដើម្បីផលប្រយោជន៍រួមក្នុងការធានាបាននូវការប្រើប្រាស់បានយូរអង្វែងព្រមទាំងពេញបរិបូរណ៍ ដោយសុវត្ថិភាព មេត្រីភាព និងអនាម័យ។ 

លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានជំរុញ និងណែនាំមាតាបិតា អ្នកអាណាព្យាបាល  សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ទៅទទួលការចាក់វ៉ាកសាំងដែលជាដូសជំរុញតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

 

ជាទីបញ្ចប់ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានកាត់ខ្សែបូ សម្ពោធសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សាស្មែត សាលាបឋមសិក្សាអង្គសិរី និងសាលាបឋមសិក្សាចំបក់មាសនៃខេត្តកំពង់ឆ្នាំងជានិមិត្តរូប ព្រមទាំងពិនិត្យមើលសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា ព្រមទាំងបានចូលរួមពិនិត្យការទទួលទានអាហាររបស់សិស្សសាលាបឋមសិក្សាស្មែតផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print