តាមសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុង Brussels ប្រទេសបែលហ្សុិកបានផ្សាយថា នៅថ្ងៃទី២៣ខែមករា កម្លាំងប៉ូលិសបានប្រើប្រាស់រថយន្តបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករប្រមាណ៥ម៉ឺននាក់ដែលបានដង្ហែក្បួនក្នុងរដ្ឋធានី Brussels ប្រឆាំងច្បាប់រឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩។ បាតុកម្មបានប្រែក្លាយជាហិង្សា ក្រោយពេលមានបាតុករជ្រុលនិយមគប់ដុំថ្ម បាញ់កាំជ្រួចទៅលើក្រុមសន្តិសុខ ។ ក្នុងអំពើហិង្សានោះបណ្តាលឱ្យមនុស្ស១៥នាក់រងរបួស ក្នុងនោះមានប៉ូលិស៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ជាមួយគ្នានោះកម្លាំងប៉ូលិសក៏បានចាប់ខ្លួនបាតុករជ្រុលនិយម៧០នាក់ផងដែរ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅយប់ថ្ងៃទី ២៣ខែមករា នាយករដ្ឋមន្ត្រីបែលហ្សុិកលោក Alexander De Croo បានបញ្ជាក់ថា «សង្គមរបស់យើងមិនអាចទទួលយកបានឡើយនូវអំពើហិង្សា»។ នៅលើបណ្តាញសង្គមTwitterអភិបាលក្រុងBrussels លោក Philippe Close ក៏បានថ្កោលទោសដល់ការវាយប្រហារទៅលើកម្លាំងសន្តិសុខផងដែរ។ លោកបានសន្យាថានឹងធ្វើគ្រប់យ៉ាងដើម្បីនាំជនបង្កហេតុទៅទទួលទោសនៅមុខច្បាប់។ កាលពីថ្ងៃទី២១ខែមករា គណៈកម្មការទប់ស្កាត់ការឆ្លងកូវីដ -១៩ ប្រទេសបែលហ្សុិក(CODECO) បានអនុម័តឱ្យប្រើប្រាស់ “ឧបករណ៍វាស់ស្ទង់” ស្តីពីកម្រិតនៃជំងឺឆ្លង ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៨ខែមករាដល់ថ្ងៃទី៣០ ខែមិថុនា ។ នោះជាប្រធានបទបង្កឲ្យមានវិវាទនាពេលកន្លងមក៕ ដោយសាធី