វិបត្តិអ៊ុយក្រែន អាមេរិកត្រៀមបញ្ជូនទាហានជិត១ម៉ឺននាក់ទៅកាន់អឺរ៉ុបខាងកើត

ចែករំលែក៖

 មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី២៤ខែមករា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានបញ្ជាដល់កម្លាំងទាហានទាហាន៨.៥០០នាក់ត្រៀមលក្ខណៈទៅកាន់តំបន់អឺរ៉ុបខាងកើត ដោយសារតែភាពតានតឹងនៅប្រទេសអ៊ុយក្រែនកាន់តែកើនឡើងខ្ពស់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឱ្យដឹងថា កម្លាំងទាហានអាមេរិកនឹងជួយដល់កម្លាំងណាតូក្នុងពេលចាំបាច់ ក៏ដូចជាធ្វើសកម្មភាពផ្សេងទៀត ។ លោក John Kirby បន្តទៀតថា ការបញ្ជូនទាហានទៅកាន់តំបន់អឺរ៉ុបខាងកើតគឺដើម្បីធ្វើឱ្យសម្ពន្ធមិត្តអាមេរិកស្ងប់ចិត្ត ។ សកម្មភាពខាងលើគឺជាការផ្ញើសារទៅកាន់ប្រធានាធិបតីពូទីន ដែលកំពុងតែប្រឈមមុខតានតឹងជុំវិញបញ្ហាអ៊ុយក្រែន ។ លោក John Kirby បញ្ជាក់ទៀតថា «ជាការណ៍ពិតណាស់រុស្ស៊ីមិនមានគម្រោងកាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែននោះឡើយ» ។ លោកបន្តទៀតថា អាមេរិកនឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍អាមេរិកនិងប្រទេសជាសម្ពន្ធមិត្តក្នុងតំបន់។ កាលពីថ្ងៃទី២៤ខែមករា អង្គការ NATO ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធដើម្បីជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេស រុស្ស៉ី ដែលរងការចោទប្រកាន់ពី ក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល ១០០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន។ ចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជាការត្រៀមលក្ខណៈលើកទ័ពចូលអ៊ុយក្រែននៅចុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ដោយឡែក ខាងរុស្ស៊ីវិញ ក៏បានចេញមុខបដិសេធជាច្រើនផងដែរថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែបានព្រមានទុកជាមុនក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយពីអ៊ុយក្រែន និង NATO៕ ដោយសាធី
រូបថត៖AP


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print