ខេត្តកំពត ៖ ពិតជាថ្លេីមធំណាស់ ឬកើតឡើងដោយសកម្មភាព អំពើពុករលួយជាលក្ខណៈប្រព័ន្ធ ទើបលោក គង់ សំណាង អាងអំណាចបក្សពួកជាអភិបាលរងខេត្ត ហ៊ានបូមខ្សាច់លប់អាងស្តុកទឹក ឬ ស្រែអ៊ូរ រំលោភយកដីរដ្ឋហើយ ហ៊ានប្ដឹងក្រុមសាមគ្គីទៀត ។ ដោយឡែកក្រសួងជំនាញ និងគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ អោយចាត់ការបញ្ជូនទៅតំណាងអយ្យការ មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ លោក គង់ សំណាង នៅតែលោក គង់ សំណាង ដដែល ឬមួយក៏ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត កំពុងចាត់ការហើយ តែមិនអោយដឹងពីដំណើរនីតិវិធី !
សូមបញ្ជាក់ថា, ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២ កន្លងមកនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ បានចេញលិខិតដាច់ដោយឡែកពីគ្នាផ្ញើជូនទៅ លោក អភិបាល ខេត្តកំពត អោយចាត់ការតាមច្បាប់ចំពោះ លោក គង់ សំណាង អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពត និង បក្សពួក ដែលបានបូមខ្សាច់លប់អាងស្តុកទឹក ឬ ស្រែអ៊ូរ នៅចំណុចភូមិ ទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
នៅឆ្នាំ ២០២០ លោក គង់ សំណាង និង បក្សពួក បានឃុបឃិតគ្នាបូមខ្សាច់លប់អាងស្តុកទឹក និង ស្រែអ៊ូរ ដោយខុសច្បាប់ បង្ករអោយរាំងស្ទះដល់ការផលិតអំបិលរបស់ក្រុមសាមគ្គី នៅភូមិ ទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ បន្ទាប់ពីមានករណីនេះកេីតឡេីង ក្រុមការងាររបស់ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះស្រាវជ្រាវរកឃេីញថា ឈ្មោះ គង់ សំណាង ពិតជាបានប្រព្រឹត្តល្មើសច្បាប់ បូមខ្សាច់លប់អាងស្តុកទឹក ឬ ស្រែអ៊ូរ ពិតប្រាកដមែន និងបានស្នេីអោយអាជ្ញាធរខេត្តកំពត រៀបចំឯកសារប្ដឹងឈ្មោះ គង់ សំណាង ទៅព្រះរាជអាជ្ញាចាត់ការតាមច្បាប់ ។ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តកំពត មិនទាន់ចាត់វិធានការចំពោះឈ្មោះ គង់ សំណាង នៅឡេីយទេ ហេីយអ្វីដែលហួសចិត្តទៀតនេះ គឺ ឈ្មោះ គង់ សំណាង ដែលរំលោភយកដីរដ្ឋនេះ បានប្ដឹងប្រជាពលរដ្ឋក្រុមសាមគ្គីផលិតអំបិលថែមទៀត ។ លេីសពីនេះទៅទៀត មានអភិបាលរងខេត្តកំពតម្នាក់ និង ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តកំពតម្នាក់ ចេញមុខការពារបុគ្គល គង់ សំណាង ថែមទៀត សង្ស័យពាក់ព័ន្ធនឹងប្រយោជន៍ នៃការរំលោភដកដីរដ្ឋនេះ។
មជ្ឈដ្ឋានមហាជនទូទៅរបស់ប្រជាពលរដ្ឋខេត្តកំពត កំពុងរង់ចាំមេីល ចំណាត់ការរបស់ លោល ម៉ៅ ធនិន ដែលពលរដ្ឋផ្ដល់រហ័សនាមថា អភិបាលខេត្តស្រឡាញ់យុត្តិធម៍ នោះ តេី អាចចាត់ការបុគ្គលល្មេីសច្បាប់ គង់ សំណាង និង បក្សពួកបានដែរ ឬ យ៉ាងណា ?
សូមរម្លឹកថា, ពាក់ព័ន្ធករណីខាងលើកន្លងទៅ គឺខាង គណៈ កម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គោរពជូន អភិបាលនៃគណ:អភិបាលខេត្តកំពត និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកំពត ប្រាប់ពីកម្មវត្ថុ, ករណីបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែរអ៊ូ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិទទឹងថ្ងៃ ឃុំ បឹងទូក ស្រុកទឹកឈូ ខេត្ត។ ដោយបញ្ជាក់ថា, ខ្ញុំសូមជម្រាបជូន លោកអភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា ករណីបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែអ៊ូរ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិ ទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មា ធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្នើលោកចាត់វិធានការ និងដាក់បណ្តឹង ដើម្បីអោយព្រះរាអាជ្ញាអនុវត្តច្បាប់។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំ និងចាត់ចែងតាមការគួរ។ ដែលការងារនេះ តាំងពីសម័យលោក ជាវ តាយ ជាអភិបាលខេត្តមកម្លេះ ។ មកដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ បានចេញលិខិតដាច់ដោយឡែកពីគ្នាផ្ញើជូនទៅ លោក អភិបាល ខេត្តកំពត អោយចាត់ការតាមច្បាប់ចំពោះ លោក គង់ សំណាង សារជាថ្មី ដូច្នេះចាំមើល លោក ម៉ៅ ធនិន ឬលោកម្ចាស់ប៉ាវ មានវិធានការបែបណា ចំពោះបុគ្គលរំលោភយកដីរដ្ឋ។
ពាក់ព័ន្ធករណីនេះ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺពី លោក គង់ សំណាង និងអាជ្ញាធរបានទេ ខណៈគ្មានលេខទូរស័ព្ទ ប៉ុន្តែ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”នឹងរងចាំទទួលនូវការបញ្ជាក់ណាមួយដោយមានលក្ខណៈស្របច្បាប់ គ្រប់ម៉ោងធ្វើការ៕