ខេត្តស្វាយរៀង៖ លោក ម៉ែនវិបុលអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បានថ្លែងដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្រុងស្រុកត្រូវបន្តពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែកព្រោះជាប្រយោជន៍សាធារណៈ ។
ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្ត។
លោក អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយះពេលកន្លងមកបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ពិសេសការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ និងអរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តសម្រាប់ទិញម៉ូតូផ្តល់ជារង្វាន់លេីកទឹកចិត្តដល់សិស្សានុសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំង២៦នាក់ បាននិទ្ទេសA។
ក្នុងឪកាសនោះ លោក ម៉ែនវិបុល ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
អាជ្ញាធរក្រុង ស្រុក ត្រូវផ្សព្វផ្សាយ និងជម្រុញឱ្យមន្ត្រីរាជការជួរមុខទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ដែលដូសជំរុញឱ្យបានគ្រប់ៗគ្នា នូវទីតាំងនានាដែលរដ្ឋបាលខេត្តបានកំណត់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបន្តចូលរួមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះអគ្គីភ័យដែលបង្ករឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប ជាដើម ជាពិសេសក្នុងរដូវប្រាំងខាងមុខ ជាពិសេស
អាជ្ញាធរ មូលដ្ឋានត្រូវធ្វើការត្រួតពិនិត្យរាល់សកម្មភាពរថយន្តទាំងឡាយណា ដែលដឹកដីត្រូវមានកិច្ចសន្យានិងលិខិតអញ្ញាតត្រឹមត្រូវ ធ្វើយ៉ាងណាដឹកតាមលក្ខណៈបច្ចេកទេសដោយធានានាថាមិនប៉ះពាល់ដល់ផ្លូវសាធារណៈនិងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕
ដោយ៖ យឹម សុថាន