ខេត្តរតនគិរី៖ ទំនិញពេញឃ្លាំងដែលនាំចូលពីប្រទេសវៀតណាមតាមច្រកមួយចំនួនចូលស្រុកខ្មែរដើម្បីចែកចាយលក់ពេញបណ្តាស្រុកមួយចំនួនក្នុងខេត្តរតនគិរី។
ឃ្លាំងមួយកន្លែងនោះមានទីតាំងក្បែរផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ដែលកំពុងចរាចរណ៍ចែកចាយទំនិញគ្រប់ច្រកល្ហកក្នុងខេត្តរតនគិរីនេះ។
ឃ្លាំងចែកចាយទំនិញនេះដែលមានម្ចាស់ឈ្មោះ ពៅ ជាថៅកែជនជាតិវៀតណាមដែលមានទីតាំងខាងលើ។
ខណៈនោះអ្នកយកព័ត៌មានក៏បានទំនាក់ទំនងទៅលោក ពៅ ផងដែរតែលោក ពៅ បានឆ្លើយថាទំនិញដែលនៅក្នុងឃ្លាំងនេះគឺទិញពីអាជីវករដែលបានដឹកមកលក់ឲ្យគាត់ត្រូវតែទិញទាំងអស់ ទោះបីជាមានពន្ធឬគ្មានពន្ធក៏ដោយគឺគាត់មិនដឹងទេ ហើយបិទទូរស័ព្ទតែម្តង(បានន័យថាទំនិញគ្រប់ប្រភេទដែលលោក ពៅ កំពុងចែកចាយរាល់ថ្ងៃមិនមានការទទួលខុសត្រូវលើមុខទំនិញនេះទេ)។
លោក ផន អនុប្រធានគយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានប្រាប់អ្នកយកព័ត៌មាន«នគរដ្រេហ្គន»នៅថ្ងៃទី២០ខែមេសាតាមទូរស័ព្ទថា ទំនិញរបស់លោក ពៅ នោះគឺមិនបានឆ្លងកាត់តាមច្រកទ្វារអូរយ៉ាដាវនោះឡើយ។ ចំណែកលោក ប្រាក់ តារា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យដឹងថារឿងទំនិញរបស់លោក ពៅ នេះលោកមិនទាន់បានជ្រាបនៅឡើយទេ។
គូរបញ្ជាក់ថា ឃ្លាំងជាច្រើនកន្លែងនៅខេត្តរតនគិរីដែលមានមេឈ្មួញជាជនជាតិវៀតណាមសុទ្ធសឹងតែនាំទំនិញចូលភាគច្រើនគឺមិនមែនបង់ពន្ធទាំងអស់៕
ដោយ៖ វុទ្ធឦសាន