ខឹងប្តីហាមមិនឲ្យទៅធ្វើការនៅរោងចក្រទាញកែវវាយសំពងក្បាល ប្តីចាប់ជាប់វាយវិញរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ព្រោះតែខឹងសម្បាទៅលើបុរសជាប្តីហាមឃាត់មិនឲ្យទៅធ្វើការនៅរោងចក្រក្តាបន្ទះ ក៏បានធ្វើការជេរប្រមាថនិងស្ទុះទាញយកកែវពីលើគ្រែបម្រុងវាយសំពងទៅលើក្បាលបុរសជាប្តី តែត្រូវបានប្តីចាប់ជាប់ វាយបកវិញបណ្តាលឲ្យរងរបួសបែកក្បាលដេរចំនួន៦ថ្នេរ ។

ករណីហិង្សានៅក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ អ៊ុន ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរទិញអេតចាយ ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ង៉ែត ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ ។ ទាំង២នាក់ប្តីប្រពន្ធនេះរស់នៅក្នុងភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ធបាននិយាយសុំបុរសជាប្តីទៅធ្វើការងារនៅក្នុងរោងចក្រផលិតក្តាបន្ទះ ខណៈនោះបុរសជាប្តីមិនព្រមឲ្យទៅព្រោះគ្មានអ្នកមើលថែកូន ទើបធ្វើឲ្យស្ត្រីជាប្រពន្ធកើតក្តីខឹងសម្បាយ៉ាងខ្លាំងក៏ស្រែកជេរប្រមាថទៅលើប្តី ។ ដោយអត់ទ្រាំងនឹងពាក្យជេរប្រមាថមិនបាន បុរសជាប្តីក៏ស្ទុះចូលទៅទះកំផ្លៀងស្ត្រីជាប្រពន្ធមួយកំផ្លៀងធ្វើឲ្យស្ត្រីជាប្រពន្ធកាន់តែផ្ទុះកំហឹងឡើងទាញយកកែវទឹកបម្រុងវាយសំពងទៅលើក្បាលបុរសជាប្តី តែត្រូវបានប្តីចាប់ជាប់វាយបកវិញបណ្តាលឲ្យរងរបួសបែកក្បាលតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលកសាងសំណុំរឿងពីបទ ហិង្សាក្នុងគ្រួសារ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ៕

20160420181820

20160420181827

32e53e3f-db0c-423f-ade6-4b5b1319ca69

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print