ភ្នំពេញ៖ យុវជនម្នាក់បែកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីមិត្តភក្កិ ត្រូវរថយន្តឡិចស៊ីសមិនចាំស្លាកលេខបើកបុកចំពីមុខពេញទំហឹង រួចហើយរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣១៧ ខាងក្រោយខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះឡាត់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ម៉ាកzoomer-x មួយគ្រឿងពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1DF-4733 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពណ៌ខ្មៅមិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតមកបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះខ្ទាតធ្លាក់ចេញពីលើម៉ូតូបោកផ្ទប់ទៅនឹងថ្នល់បែកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកបំណែករថយន្តខ្លះនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ រួចធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសពជនរងគ្រោះឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ