នៅថ្ងៃទី២៥ខែមករា យន្តហោះដឹកជញ្ជូនសម្ភារយោធា និងអាវុធជាច្រើនទៅកាន់ទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ នេះជាកញ្ចប់ជំនួយលើកទីបីហើយដល់ប្រទេសអុយក្រែនសម្រាប់ការពារសន្តិសុខដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។ ជាមួយគ្នានេះដែរទីក្រុងមូស្គូ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មានការភ័យខ្លាចចំពោះរុស្ស៊ី ។ នៅថ្ងៃទី២៥ខែមករា កញ្ចប់អាវុធជាលើកទីបីបានចូលដល់រដ្ឋធានី Kiev ក្នុងពេលនោះរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានបញ្ជាក់ថា បណ្តាប្រទេសជាមិត្តរបស់អ៊ុយក្រែនបានបង្កើនសកម្មភាពជួយក្នុងវិស័យយោធាខណៈដែលអ៊ុយក្រែនកំពុងតែតានតឹងជាមួយរុស្ស៊ី។ បណ្ដាមេដឹកនាំលោកខាងលិចបានបង្កើនការត្រៀមលក្ខណៈដើម្បីឆ្លើយតបទៅនឹងរាល់សកម្មភាពយោធារបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ជាមួយការបើកកិច្ចពិភាក្សាស្ដីពីការការពារការផ្គត់ផ្គង់ថាមពល ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ព្រមានដាក់ទណ្ឌកម្មដោយផ្ទាល់លើលោកប្រធានាធិបតី ពូទីន។ ភាពតានតឹងកាន់តែឡើងកម្ដៅ បន្ទាប់ពីអង្គការ NATO កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថានឹងបង្កើនការដាក់ពង្រាយកងទ័ព ព្រមទាំងសព្វាវុធ ក្នុងនោះរួមមាននាវាចម្បាំង និងយន្ដហោះចម្បាំងទៅកាន់តំបន់អឺរ៉ុបខាងកើត ក៏ដូចជាបញ្ជាឱ្យកងទ័ពរបស់ខ្លួនប្រុងជើងការខ្ពស់ឆ្លើយតបទៅនឹងសកម្មភាពយោធារុស្ស៊ីនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ លោក ចូ បៃឌិន បានអះអាងជាថ្មីឡើងវិញថា សហរដ្ឋអាមេរិកគ្មានផែនការបញ្ជូនកងទ័ពដោយផ្ទាល់ទៅកាន់អ៊ុយក្រែនឡើយ តែលោកបានព្រមានទុកជាមុនថាលោកនឹងពិចារណាដាក់ទណ្ឌកម្មលើលោក ពូទីនតែម្ដង ហើយរុស្ស៊ីនឹងត្រូវរងការខាតបង់ធ្ងន់ធ្ងរប្រសិនបើហ៊ានវាយប្រហារអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មរបស់អាមេរិក លើមេដឹកនាំបរទេសដោយផ្ទាល់ មិនមែនជារឿងដែលមិនធ្លាប់កើតមាននោះទេ ដោយមេដឹកនាំបរទេសដែលកំពុង និងធ្លាប់បានជាប់ទណ្ឌកម្ម ក្នុងនោះរួមមានប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ, ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ និងអតីតមេដឹកនាំលីប៊ី លោក កាដាហ្វីជាដើម៕ ដោយសាធី
ប្រភពរូប៖Reuters.