អភិបាលខេត្ត​កណ្ដាល​ បើកការ​ដ្ឋាន​ស្ថាបនាលូបេតុង​ និងដាក់រ៉ឺហ្គា លើកំណាត់​ផ្លូវជាតិ​លេខ​២១ និងផ្លូវលេខ២១០ ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ​ បានចូលរួ​មជាអធិបតីក្នុងពិធី​បើកការ​ដ្ឋាន​ស្ថាបនាប្រព័ន្ធលូបេតុង​ និង រ៉ឺហ្គា លើកំណាត់​ផ្លូវជាតិ​លេខ​២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល​​​។​

នាឱកាស​នោះ​ លោក​ គង់​ សោភ័ណ្ឌ​ បានថ្លែង​ថា​ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណ លោកឧកញ៉ា ប៊ុន ហៃ ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកមុខកាត់​១,៥ម៉ែត្រ ប្រវែង ៧៦២ ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ចំនួន ៣៤ កន្លែង តាមបណ្តោយ​ផ្លូវជាតិលេខ២១ និងស្ថាបនាលូបេតុងសរសៃដែក មុខកាត់ ១ម៉ែត្រ ប្រវែង ២៣២ ម៉ែត្រ និងរ៉ឺហ្គា ទំហំ ១,៨ ម៉ែត្រ គុណ ១,៨ ម៉ែត្រ ចំនួន ១៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១០ ដោយចំណាយថវិកាអស់ប្រមាណ ២០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារ ដែលនេះជាកាយវិការដ៏​ល្អប្រពៃ និងជាគំរូ របស់ធុរជនម្នាក់ ដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល​បាន​ចូល​រួម​អភិវឌ្ឍ​ក្នុងវិស័យសាធារណៈការ សំណង់សិល្បៈការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ។

បន្ថែមពីនេះ​ លោក​ គង់​ សោភ័ណ្ឌ​ សូមអំពាវនាវជូន សម្តេច លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់ នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីអោយការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print