ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ អាថ៌កំបាំងនៃសម្រស់ កំពុង ផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង I-ID ZEIARY HONEY, GLUTA WHITE LOTION, VITAMIN GLUTA WHITE LOTION និងផលិតផលមួយចំនួនទៀតគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាង គ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួង សុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត ប្រវេទន៍ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល – សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ តាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំង នេះជាបន្តទៀត។ ក្រសួងសុខាភិបាល សូមអំពាវនាវដល់ទាំងសាធារណជនទាំងអស់មិនត្រូវប្រើប្រាស់ផលិតផល គ្រឿងសម្អាងខាងលើនោះទេ ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយមានគ្រោះថ្នាក់ដល់ អ្នកប្រើប្រាស់ទៀតផង។ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការ នាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ទាំងនេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើ ទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ដែលគ្មានលេខប្រវេទន៍ខាងលើ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណី អាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៣) ៕
ដោយ : សិលា