ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ3.483.019 នាក់ និងស្លាប់10.216 នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ក្នុងពេលមួយថ្ងៃៗ។ តាមគេហទំព័រ worldometers.info នៅលើពិភពលោក គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ខែមករា មានករណីឆ្លងសរុបដល់ទៅ 362.859.116 នាក់ និងស្លាប់ជាង5,6លាននាក់ ។ អាមេរិកនៅតែជាប្រទេសមានករណីឆ្លងច្រើនជាងគេបង្អស់នៅលើពិភពលោក។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះអាមេរិកមានមនុស្សសរុបរហូតដល់ទៅ៥៣៣,៣១៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៣,១៤៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា ។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៤,១៧៦,៤០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៩៨,៦៨០នាក់ និងជាសះស្បើយឡើងសរុបជាង ៤៥.៤២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ កាលពីដើមសប្តាហ៍នេះ ក្រុមអ្នកជំនាញនៃសហរដ្ឋអាមេរិកបានសន្និដ្ឋានថា ករណីឆ្លង COVID-19 រលកថ្មីបង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នោះ ទំនងជាបានឆ្លងផុតចំណុចកំពូល (peak) រួចទៅហើយនៅតាមតំបន់មួយចំនួន ប៉ុន្តែអត្រាស្លាប់ប្រចាំថ្ងៃបាននិងកំពុងកើនឡើង។ បច្ចុប្បន្ននេះ ករណីឆ្លងវីរុស Omicron បានរ៉ាប់រងរហូតដល់ទៅ ៩៩% នៃចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក៕ ដោយសាធី
រូបថត៖ THX/TTXVN