ភ្នំពេញ ៖ តើអ្នកដឹងទេថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ត្រូវការពេលចរចាប្រហែល ៨ឆ្នាំ? អាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់នៅលើពិភពលោក ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លើ facebook របស់លោកផ្ទាល់។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពី អាសិប សម្រាប់មន្ត្រីពាក់ព័ន្ធ ជាពិសេសអ្នកការទូតនៅតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។ យើងមាន ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាវាគ្មិនកិត្តិយស ក្នុងការធ្វើបទបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, អាសិបនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ទៅមួយកម្រិតទៀត ធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ ជួយជ្រោមជ្រែងការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងតំណាងឱ្យការវិលត្រឡប់មកវិញនូវពហុភាគីនិយម៕