លោក Graham Arnold គ្រូបង្វឹកអូស្ត្រាលីនឹងអវត្តមានក្នុងការប្រកួតជម្រុះ World Cup ដ៏សំខាន់របស់ក្រុមអូស្ត្រាលីជាមួយវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់អូស្ត្រាលី Football Australia ។
លោក Graham Arnold បានស្ថិតនៅដាច់ដោយឡែកពីគេមុនការប្រកួតនៅទីក្រុង Melbourne ហើយនឹងត្រូវបានជំនួសដោយជំនួយការរបស់គាត់គឺលោក Rene Meulensteen ។អង្គភាពគ្រប់គ្រងបាល់ទាត់អូស្ត្រាលីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Arnold ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ បានទទួលការធ្វើតេស្តកាលពី១០ថ្ងៃមុន ហើយមិនមានរោគសញ្ញា និងត្រូវបានដាច់ដោយឡែកពីបុគ្គលិកក្រុមបន្ទាប់ពីទទួលបានលទ្ធផលត្រឡប់មកវិញនៅពេលគាត់មកដល់ទីក្រុង Melbourne កាលពីចុងសប្តាហ៍មុន។ បុគ្គលិក និងកីឡាករនៅក្នុងទីក្រុង Melbourne ក៏បាននៅដាច់ដោយឡែកក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ហើយចាប់តាំងពីពេលនោះមកបានធ្វើការធ្វើតេស្ត PCR ចំនួន៣ជុំមុនការប្រកួតមកដល់”។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអូស្ត្រាលីស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល B នៃវគ្គជម្រុះ World Cup តំបន់អាស៊ី។ មានតែក្រុមបញ្ចប់ការប្រកួតលេខ១ និងលេខ២ក្នុងពូលប៉ុណ្ណោះដែលត្រូវបានធានាដើម្បីឈានទៅលេងនៅប្រទេសកាតានៅចុងឆ្នាំនេះ។ សម្រាប់ពូល B នេះមានអារ៉ាប៊ីសាអ៊ូឌីតកំពុងឈរលេខ១ក្នុងពូលមាន១៦ពិន្ទុ, ជប៉ុនឈរលេខ២ មាន១២ពិន្ទុ និងអូស្ត្រាលីឈរលេខ៣ មាន១១ពិន្ទុទៀត។ បន្ទាប់ពីទទួលបានវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ អូស្ត្រាលីត្រូវធ្វើដំណើរទៅក្រុង Muscat ដើម្បីប៉ះក្រុមជម្រើសជាតិអូម៉ង់នៅថ្ងៃទី១ ខែកុម្ភៈខាងមុខ ៕ (រូបភាព ៖ CNA)