ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានឹងបញ្ជូនកីឡាករ២នាក់និងកីឡាការិនីម្នាក់ទៅចូលរួមប្រកួតកីឡាកាយសម្ព័ន្ធកម្រិតពិភពលោកលើកទី១៤នៅទីក្រុងអ៊ីនឈនប្រទេសកូរ៉េខាងត្បូងដើម្បីបញ្ជ្រាបខ្លួនទៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចដែលបច្ចុប្បន្នប្រទេសជប៉ុនកំពុងស្ថិតនៅលេខរៀងទី១នៃចំណាត់ថ្នាក់ពិភពលោករួចទៅហើយនោះ។
លោកណយផាន់ណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ក្រោយបញ្ចប់ការហ្វឹកហាត់ថា ចំពោះកីឡាករកីឡាការិនីកាយសម្ព័ន្ធកម្ពុជាដែលមានឱកាសចេញទៅប្រកួតកីឡាកាយសម្ព័ន្ធជើងឯកពិភពលោកលើកទី១៤នៅប្រទេសកូរ៉េនេះសម្រាប់កម្ពុជាយើងគឺជាលើកទី១ហើយដែលពីមុនបានត្រឹមតែទៅចូលរួមប្រកួតថ្នាក់តំបន់និងជើងឯកថ្នាក់អាស៊ីប៉ុណ្ណោះ។
អគ្គលេខាធិការរូបនេះបានបន្តទៀតថាចង់មិនចង់ក៏យើងត្រូវទៅចូលរួមដែរពីព្រោះយើងចង់ឲ្យកីឡាករកីឡាការិនីរបស់យើងបានឈ្វេងយល់អំពីហ្គេមកម្រិតពិភពលោក។ ម្យ៉ាងវិញទៀតហ្គេមមួយនេះមានការចូលរួមពីបណ្តាប្រទេសមហាយក្សធំៗផ្នែកកីឡាកាយសម្ព័ន្ធមានទាំងអឺរ៉ុបនិងអាស៊ីពិសេសមហាយក្សនៅអាស៊ីដូចជាជប៉ុនចិនកូរ៉េគឺពួកគេបានស្ថិតនៅកំពូលតារាងនៃចំណាត់ថ្នាក់ពិភពលោក។
លោកផាន់ណាបញ្ជាក់បន្ថែមថាចំពោះការត្រៀមបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួតនៅប្រទេសកូរ៉េនាថ្ងៃទី១៣ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦ខាងមុខនេះសហព័ន្ធគ្រោងចំណាយថវិកាប្រមាណជាង១ម៉ឺនដុល្លារក្នុងនោះថវិកាមួយចំនួនដូចជាថ្លៃសំបុត្រយន្តហោះការធ្វើដំណើរទទួលបានការឧបត្ថម្ភពីលោកថោងខុនប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ ចំណែកថវិកាមួយចំនួនទៀតសហព័ន្ធសុំពីដៃគូនៅក្រៅប្រទេសនិងក្រសួងអប់រំយុវជននិងកីឡាផ្តល់ជូនប្រាក់ហោប៉ៅ។ ដោយឡែកការហ្វឹកហាត់ត្រៀមរបស់កីឡាកាយសម្ព័ន្ធផ្នែកអាអេរ៉ូប៊ិចទៅចូលរួមប្រកួតជើងឯកពិភពលោកនេះមាន៤វិញ្ញាសាដូចជាប្រកួតជាក្រុមបុរសមិចបុរសនារីនិងឯកត្តជនបុរសនារី។
លោកណយផាន់ណាបានចាត់ទុកការប្រកួតនេះគឺជារឿងលំបាកបំផុតដោយសារកីឡាករកីឡាការិនីដែលទៅចូលរួមប្រកួតសុទ្ធតែលំដាបពិភពលោកប៉ុន្តែលោកនៅតែមានសង្ឃឹមចំពោះកូនក្រុមរបស់លោកដោយលោកយល់ឃើញថាដើម្បីបានឈ្វេងយល់ពីហ្គេមដ៏ធំមួយនេះយើងចាំបាច់ត្រូវតែទៅចូលរួម។
គួររំលឹកថាកន្លងទៅកីឡាកាយសម្ព័ន្ធកម្ពុជាក៏ធ្លាប់ទទួលបានមេប្រាក់និងមេដាយសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីផងដែរ៕
ដោយ៖ សារីម