ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈកំពុងជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿង ក្នុងល្បឿនលឿនគួរសមដែរ ហើយស្រាប់តែមានរថយន្ត សាំយ៉ុងឈ្នួល១គ្រឿង បើកឆ្លងកាត់មុខ បណ្ដាលឲ្យម៉ូតូវាក់ជាន់ហ្រ្វាំងមិនទាន់ក៏បានបុកយ៉ាងពេញទំហឹងតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ មានអាយុប្រមាណ៣០ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស-ខៀវ ពាក់ស្លាកលេខភ្នំពេញ1CF-9865 បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2S-6553 ដែលជារថយន្តឈ្នួល បានបើកចេញពី ផ្លូវបេតុងមួយកន្លែង ក្នុងទិសដៅពីត្បូងទៅជើង រួចឆ្លងកាត់ផ្លូវជាតិលេខ៤ កាត់ទទឹងចំពីមុខ ធ្វើឲ្យអ្នកជិះម៉ូតូ វាក់ជាន់ហ្វ្រាំងឈប់ក៏មិនទាន់ និងគេចចេញក៏មិនទាន់ក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលបោកទៅលើថ្នល់ រងរបួសធ្ងន់ធ្ងរតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូត្រូវប៉ូលិសនាំយកទៅរក្សាទុកនៅប៉ុស្ដិ៍ចោមចៅ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ
...