កីឡាករArturo Vidal ខ្សែបម្រើរបស់ក្លិបBayern Munich បាននិយាយថាគាត់ចង់ឲ្យខ្សែប្រយុទ្ធAlexis Sanchez របស់ក្លិបArsenal មកលេងក្នុងក្រុមជាមួយនឹងគាត់នៅក្នុងប្រទេសអាល្លឺមង់។
កីឡាករទាំងពីររូបនេះស្គាល់គ្នាយ៉ាងច្បាស់ដោយសារពួកគេលេងនៅក្នុងក្រុមជម្រើសជាតិឈីលីជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះលោក Carlo Ancelotti គ្រូបង្វឹកថ្មីរបស់Bayern Munichនៅរដូវកាលក្រោយក៏ធ្លាប់បានសរសើរនិងគាំទ្រដល់កីឡាករ Sanchez ផងដែរ។
ខ្សែបម្រើ Arturo Vidal នៃក្លិបBayern Munichនឹងគាំទ្រជានិច្ចប្រសិនបើកីឡាករខ្សែប្រយុទ្ធAlexis Sanchezនៃក្លិបArsenalចូលមកលេងជាមួយខ្លួននៅBayern Munichហើយវាគឺជាការផ្លាស់ប្ដូរក្លិបដែលVidal ចង់ឃើញនិងចង់ឲ្យទទួលជោគជ័យ។
Vidalថ្លែងទៅកាន់សារព័ត៌មានក្រោយពេលក្លិបរបស់គាត់បានឈ្នះក្លិបSchalkeកាលពីចុងសប្ដាហ៍ថា“ពួកយើងធ្លាប់បានលេងជាមួយគ្នាតាំងពីនៅក្នុងក្រុមជម្រើសឈីលីអាយុក្រោម២០ឆ្នាំមកម្ល៉េះ។ ដូច្នេះហើយវានឹងល្អយ៉ាងខ្លាំងប្រសិនបើខ្ញុំបានលេងជាមួយគាត់ទៀតក្នុងក្រុមBayern Munich។”
Bayern Munich កាន់តែជិតក្លាយជាម្ចាស់ជើងឯកអាល្លឺម៉ង់Bundesligaហើយ ហើយVidalសង្ឃឹមថាក្រុមរបស់គាត់នឹងឈ្នះពានរង្វាន់ចំនួន៣នៅក្នុងរដូវកាលនេះ។
កីឡាករវ័យ២៨ឆ្នាំនេះបានបន្ថែមទៀតថា“ក្រុមយើងកំពុងតែលេងបានល្អហើយជើងឯកអាល្លឺម៉ង់Bundesligaគឺជាទិសដៅសំខាន់របស់ពួកយើង ហើយយើងនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រកួតថ្ងៃសៅរ៏នេះដើម្បីឈ្នះជើងឯកនេះ។ ប៉ុន្តែពួកយើងក៏ចង់ឈ្នះពានរង្វាន់ទាំងបីផងដែរ”។
ក្លិប Bayern Munich ដែលដឹកនាំដោយគ្រូបង្វឹក Pep Guardiola កំពុងនាំមុខក្លិបលំដាប់លេខ២Borussia Dortmund ចំនួន៧ពិន្ទុហើយនឹងអាចការពារតំណែងជើងឯកប្រសិនបើក្លិបនេះយកឈ្នះ Hertha Berlin នៅថ្ងៃសៅរ៍នេះហើយDortmund ចាញ់Stuttgart៕