ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបនល្បែងមួយកន្លែងដែលបើកដោយជនជាតិចិន បង្កប់កាសុីណូ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈ ជាបទល្មើសជាក់ស្តែង ពិសេសតុបៀបាការ៉ាត់ ។
សូមបញ្ជាក់ថា ការចុះបង្ក្រាបខាងលើ បានធ្វើឡើងកាលពីវេលាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ 156 ផ្លូវលេខ 3 ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញផ្ទះដែលលួចបើកល្បែងកាសុីណូ ដោយជនជាតិចិនខាងលើបានឱ្យដឹងដែរថា ការបើកល្បែងស៊ីសង កាស៊ីណូ ដោយខុសច្បាប់ ដែលម្ចាស់ទីតាំងគឺជាជនជាតិចិនគឺបើកលេងយ៉ាងរលូនប៉ុន្មាន១សប្តាហ៍នេះ ពួកគេអតីតមេការកាសុីណូនៅផ្សារវិថីមាស ទល់មុខ អគារឌីឌ្រីត ។ ប៉ុន្តែក្រោយធ្វើការចុះផ្សាយពិតៗដោយ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទើប លោក ឃឹម ស៊ុន សូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ ចុះក្តោបកន្លែងទីតាំងនេះយ៉ាងហ្មត់ចត់បំផុត ដើម្បីស្នើសុំទៅតំណាងអយ្យការធ្វើការចុះបង្ក្រាប។
លោក ឃឹម ស៊ុន សូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ក៏បានអរគុណចំពោះអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានផ្តល់ព័ត៌មាន និងផ្សព្វផ្សាយការពិត សហការជាមួយអាជ្ញាធរ សមត្ថកិច្ច ទើបនៅ
ព្រឹកថ្ងៃទី២៨ ខែមករានេះ គេឃើញមានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូលសហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់ ថែមទាំងដកហូតសម្ភារជាច្រើនយកទៅរក្សាទុក និងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា, ករណីលួចបើកបនល្បែងសុីសង និងកាស៊ីណូ នៅខណ្ឌពោធិ៍សែនជ័យ ចំនួន២ ទីតាំងមានដូចខាងក្រោម មិនទាន់បង្ក្រាបនៅឡើយទេ ។
ទី១-ទីតាំងបន្លំបើកហាងដាក់យីហោ “សាលហ្គេមប៊ីយ៉ា ” ស្ថិតតាមបណ្តោយផ្លូវ វិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទូបាញ់ត្រីចំនួន៣ , ប្រភេទបៀបាការ៉ាត់ចំនួន៣តុ , ប្រភេទបៀអេសភី(SP) ចំនួន៣តុ , ប្រភេទរ៉ូឡែត១ទូ , សុទ្ធតែជនជាតិចិន ចូលលេង ដាក់សន្តិសុខខ្មែរ មិនអោយខ្មែរចូល ។
ទី២-ខាងក្រោមបន្លំបើកជាហាងផឹកសុី ជាប់ហាងដាក់យីហោ “៧៨៩ តែបារី ស្រាតែ” ស្ថិតតាមបណ្តោយផ្លូវវិមានសព ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកនៅជាន់ទី១ មានប្រភេទ(SP)១តុ , ប្រភេទបៀការ៉ាត់១តុ។ ពីមុនដាក់ទូបាញ់ត្រី១ ប៉ុន្តែបច្ចុប្បន្នយកទៅដាក់នៅទីតាំងខារាអូខេ “ជីងជន” តាមបណ្តោះអាសន្នផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែររង្វង់មូលចោមចៅ ឬស្ពានអាកាស ។
តើលោកអភិបាលខណ្ឌ មានវិធានការបែបណានៅឡើយ ពិសេសលោក ម៉ម វុធី អធិការនគរបាលខណ្ឌដឹងច្បាស់ណាស់ ប៉ុន្តែមិនដឹងថា, គាត់(កន្ទេលធំបន្លំដេក)? ។
លោក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តាមទូរស័ព្ទជាមួយ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” លោកប្រាប់ថា , ខ្ញុំអោយកម្លាំងចុះពិនិត្យ ស្រាវជ្រាវដែរ ប៉ុន្តែក្តោបមិនទាន់ជុំ ចាំព្យាយាមបន្តទៀតដើម្បីមានវិធានការបង្ក្រាប៕