ភ្នំពេញ-សៀមរាប៖ គោលបំណងគឺដើម្បីធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ជាពិសេសមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវទំនិញមានអនុលោមភាពសម្រាប់បរិភោគ ក៏ដូចជាប្រើប្រាស់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ មន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខាខេត្តសៀមរាប និងចូលរួមសហការពីមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ។
ជាក់ស្ដែងយោងតាមលទ្ធ មន្រ្តីជំនាញបានរកឃើញទំនិញមិនមានអនុលោមភាពចំនួន ២០៣.១៨គីឡូក្រាម និងដកហូតមករក្សាទុកដើម្បីបន្តនីតិវិធី។ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យពីមន្រ្តីជំនាញផងដែរ។
ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារ បន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។
យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញតែម្តង៕
ដោយ៖សហការី