ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១០នាក់ ផ្ទុះការតវ៉ាប្រឆាំងនឹងការធ្វើផ្លូវ បណ្ដោយស្របតាមផ្លូវជាតិលេខ៦ចម្ងាយពីអ័ក្សផ្លូវ១០០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍទីក្រុងរណបជ្រោយចង្វា របស់ក្រុមហ៊ុនOCIC កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។
ការអនុវត្តឈូសផ្លូវរបស់ក្រុមហ៊ុននេះ ធ្វើឡើងគឺយោងតាមសេចក្ដីជូនដំណឹងពីអាជ្ញាធររាជធានីភ្នំពេញ និងសាលាខណ្ឌជ្រោយចង្វា ដោយបានជូនដំណឹងដល់ប្រជាពលរដ្ឋនៅទីនោះជាច្រើនដងហើយ តែពួកគាត់មិនយល់ព្រម។
ការមិនយល់ព្រមនេះ ដោយសារប្រជាពលរដ្ឋទាមទារដោះស្រាយក្នុងតម្លៃថ្លៃ ហើយក្រុមហ៊ុនដោះស្រាយទៅតាមគោលនយោបាយ ទើបធ្វើឲ្យមានការចម្រូងចម្រាសគ្នាតែម្ដង។
លោក សែម ដារិន ជានាយករងរដ្ឋាបាលខណ្ឌជ្រោយចង្វាបានលើកឡើង ក្រោយពេលមានការតវ៉ាពីប្រជាពលរដ្ឋថា ការតវ៉ានេះគឺជាសិទ្ធិរបស់ពួកគាត់ ហើយការចុះមកឈូសឆាយធ្វើផ្លូវនេះ គឺមិនមែនខាងក្រុមហ៊ុនជាអ្នកធ្វើទេ គឺជាគម្រោងរបស់សាលារាជធានីភ្នំពេញ ។ ហើយដីរបស់ពួកគាត់គឺយើងទទួលស្គាល់ថាពួកគាត់មានប្លង់កាន់កាប់ត្រឹមត្រូវ យើងមិនបានមកបន្លំយកដីរបស់ពួកគាត់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ តែវាគឺជាគម្រោងប្លង់មេរបស់សាលារាជធានីភ្នំពេញ ជាគោលការណ៍យើងត្រូវធ្វើឲ្យបាន ពីព្រោះផ្លូវ១០០ម៉ែត្រនេះបើយើងស្ថាបនាបានលឿនវានឹងជួយបញ្ចៀសចរាចរណ៍កំុឲ្យមានការកកស្ទះពីផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលជ្រោយចង្វាថ្មី រហូតមកដល់ផ្លូវសម្តេចជាសីុមផងដែរ។
គួរបញ្ជាក់ផងដែរថា លោក ឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វា បានបញ្ជាក់នៅក្នុងអង្គប្រជំុនាពេលកន្លងមកថា ចាប់ពីពេលនេះតទៅយើងមិនអាចបង្អង់ ឬអូសបន្លាយពេលវេលាយូរតទៅទៀតបានទេ គឺត្រូវធ្វើតាមច្បាប់ ព្រោះដីតំបន់អភិវឌ្ឍន៍នេះ បើយោងតាមអនុក្រិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី១ដែលចុះហត្ថលេខដោយនាយករដ្ឋមន្ត្រីចំនួន២រូប គឺនាយករដ្ឋមន្ត្រីទី១និងទី២ ក្នុងឆ្នាំ១៩៩៤ កាលនោះបានបង្កកដីនៅតំបន់នេះចំនួន៤៥០ហិកតា មិនឲ្យលក់ដូរ បញ្ចាំឬធ្វើអំណោយអ្វីឡើយ ក្រោយមកបង្កើតឲ្យមានតំបន់អភិវឌ្ឍន៍លើផ្ទៃដីចំនួន៤៥០ហិកតា ដែលមានក្រុមហ៊ុនសាន់វេជាអ្នកអភិវឌ្ឍន៍ ។
លោកបានបញ្ជាក់ទៀតថា ក្រោយមកទៀតក្នុងឆ្នាំ២០០១ ក៏កែប្រែដីនេះមកនៅត្រឹម ៣៨៧ហិកតា ដោយសារប្រជាពលរដ្ឋនៅតំបន់នេះទាមទាឲ្យកាត់ដីឆ្វៀល១០០ម៉ែត្រពីអក្ស័ផ្លូវជាតិលេខ៦ ដូច្នេះរាជរដ្ឋាភិបាលក៏យល់ព្រមតាមហ្នឹង ដោយនៅសល់ដី ៣៨៧ហិកតាសម្រាប់គម្រោងអភិវឌ្ឍនេះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះដោយសារតែរាជរដ្ឋាភិបាលបន្តឆ្វៀលភូមិចាស់ចេញបន្តទៀត ជាក់ស្តែងដីនេះនៅសល់តែជាង ២៨៧ហិកតាតែប៉ុណ្ណោះ ដែលក្រុមហ៊ុនOCIC ជួលពីសាលារាជធានីភ្នំពេញ ព្រោះដីនេះជារបស់សាលារាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានចេញអនុក្រិត្តបង្កកនិងបង្កើតក្នុងឆ្នាំ១៩៩៤នោះ ហើយសាលារាជធានីជំរុញឲ្យមានការអភិវឌ្ឍន៍ ៕
...
ដោយ៖ ជ្រោយពេជ្រ