ខេត្តព្រះសីហនុ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿងដែលបើកចេញពីកំពុងផែស្វយ័តខេត្តព្រះសីហនុដឹកដែកមកកាន់រាជធានីភ្នំពេញបានដាច់ធ្លាក់នៅមុខរោងចក្រស្រាបៀរអង្គរបង្កឲ្យខូចខាតថ្នល់ជាតិលេខ៤ តែពុំបង្កឲ្យមានមនុស្សគ្រោះថ្នាក់ក្រៅតែពីព្រលឹងចុងសក់របស់ប្រជាពលរដ្ឋនៅក្បែរនោះប៉ុណ្ណោះ។ ករណីនេះបានបង្កឲ្យការភ្ញាក់ផ្អើលនៅរសៀលម៉ោង៣ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលចរាចរណ៍ដែលចុះទៅកាន់កន្លែងកើតហេតុមិនបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណអ្នកបើកបរខាងលើនេះទេ។ តែយ៉ាងណារថយន្តដែលក្រឡាប់ដាច់ធ្លាក់ធុងកុងតឺន័រមួយកំណាត់ផ្នែកខាងក្រោយនេះពាក់ស្លាកលេខព្រះសីហនុ3A-1373 បើកចេញកំពុងផែដឹកដែកឆ្ពោះមករាជធានីភ្នំពេញ។
គួររំលឹកថា កន្លងទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់បានមានប្រសាសន៍ជាសាធារណៈឲ្យមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់មុននិងអនុញ្ញាតិបើកបារ៉ាស់ឲ្យរថយន្តកុងតឺន័រដឹកអីវ៉ានចេញពីកំពុងផែស្វយ័តខេត្តព្រះសីហនុ។ ការមានប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីបែបនេះបានលើកឡើងនៅបន្ទាប់ពីមានគ្រោះថ្នាក់សម្លាប់មនុស្សជាបន្តបន្ទាប់ដោយសារដាច់ធ្លាក់ធុងកុងតឺន័រសង្កត់ពីលើ។
ដូច្នេះករណីខាងលើនេះត្រូវបានប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបន្ទោសទៅលើមន្ត្រីក៏ដូចជាអ្នកបើកបររថយន្តនិងអ្នកគ្រប់គ្រងក្រុមហ៊ុនមានការធ្វេសប្រហែសមុនឲ្យរថយន្តកុងតឺន័រចេញពីកំពុងផែដោយមិនបានត្រួតពិនិត្យ។ ជាងនេះទៅទៀតគេបានដឹងថា នៅកំពុងផែស្វយ័តខេត្តព្រះសីហនុមានសន្តិសុខជាច្រើនប្រចាំការនៅទីនោះ ហើយអ្នកដែលនៅត្រួតពិនិត្យចុងក្រោយនិងម៉ត់ចត់ជាងគេនោះគឺមន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក៏ប៉ុន្តែការធ្វើឲ្យមានធុងកុងតឺន័រដាច់ធ្លាក់មកលើផ្លូវជាតិក្នុងកណ្តាលព្រះសីហនុនេះដោយសារមន្ត្រីទាំងនោះមិនបានត្រួតពិនិត្យគន្លឹក ក្រៅតែពីរាប់ក្បាលរថយន្តយកលុយប៉ុណ្ណោះ។
ទាក់ទិននិងព័ត៌មាននេះអ្នកយកព័ត៌មាននគរវត្តមិនអាចទាក់ទងលោក ព្រហ្ម ពៅ ប្រធានការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានទេនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ថា តើមន្ត្រីរបស់លោកដែលដាក់ឈរជើងនៅទីនោះបច្ចុប្បន្នធ្វើអ្វីខ្លះ?៕
ដោយ៖ ឆ្លាម សមុទ្រ