ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមជំនាញ ក្រោមឱវាទ ដើម្បីរកវិធីដោះស្រាយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន ជាមួយគ្នានេះដែរក៍មានការចូលរួមពីលោកស្នងការ ក្រុងមន្ត្រីចរាចរណ៍ មន្ត្រីជំនាញពាក់ព័ន្ធ និងចៅហ្វាយខណ្ឌទាំង១២ ផងដែរ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី២១ ខែមេសា ឆ្នំា២០១៦ នៅសាលារាជធានីភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ ចាប់ពីពេលនេះទៅ និងដាក់ការងារឲ្យអាជ្ញាធរខណ្ឌ ជាអ្នកទទួលខុសត្រូវ អនុវត្ដដូចជា ការងារចរាចរណ៍ សំរាម ការងារជួសជុលផ្លូវថ្នល់មួយចំនួន ការងារលូ ដើម្បីឲ្យចៅហ្វាយខណ្ឌ ចូលរួមថែរក្សា និងទទួលខុសត្រូវ ចំពោះចំណុចភ្លើងស្តុប ដែលមាននៅក្នុង មូលដ្ឋានរៀងៗខ្លួនផងដែរ ជាពិសេស លោកបានស្នើដល់ ចៅហ្វាយខណ្ឌទាំងអស់ ត្រូវចូលរួមដោះស្រាយការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅក្នុងមូលដ្ឋានខ្លួនផងដែរ ។
លោកបន្ដថា ក្រៅពីការងារការកកស្ទះចរាចរណ៍ ចៅហ្វាយខណ្ឌ ត្រូវចុះស្តារ អណ្តូងលូឲ្យបានមុនរដូវភ្លៀងធ្លាក់។ ក្រោយពីទទួលបានការព្រមានរបស់នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ រឿងផ្លូវថ្នល់ រឿងលូ និងសំរាម លោកបានដាក់បទបញ្ជាឲ្យចៅហ្វាយខណ្ឌទាំង១២ ចុះជួសជុលផ្លូវ ដោយលុបជង្ហុក លុបសំបុកមាន់ ផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន រួចចាំធ្វើលិខិតអនុលោម មកសាលារាជធានីភ្នំពេញជាក្រោយ ។
លោកបន្តទៀតថា ការងារនេះជាការងារ វាស់ស្ទង់ សមត្ថភាព អស់លោកហើយ បើធ្វើមិនបានទេ នោះអស់លោកដឹងហើយថា ត្រូវធ្វើយ៉ាងម៉េចបន្តទៅទៀត ។
ពាក់ព័ន្ធ និងការងារចរាចរណ៍នេះលោក ប៉ា សុជាតិវង្ស បញ្ជាក់ថា៖ បច្ចុប្បន្ននេះអាជ្ញាធររាជធានីភ្នំពេញ កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំចុះអនុវត្តការងារគូសគំនូសចរាចរណ៍ថ្មីលើវិថីចំនួន៥ខ្សែក្នុងរាជធានីភ្នំពេញ។ មហាវិថីចំនួន៥ ខ្សែរួមមាន ទី១-មហាវិថីម៉ៅសេទុង ចាប់ពីចំណុបប្រសព្វមហាវិថីព្រះនរោត្តម ដល់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្សី។ ទី២-មហាវិថីព្រះសីហនុ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីរ៉េត ដល់ចំណុចប្រសព្វមហាវិថីសុធារស។ ទី៣-មហាវិថីសហព័ន្ធរុស្សីចាប់ពីចំណុចប្រសព្វមហាវិថីនរោត្តមដល់រង្វង់មូលចោមចៅ។ ទី៤-មហាវិថីកម្ពុជាក្រោមចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្សដល់ស្ពានអាកាស៧មករា។ និងទី៥-មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំពេញដល់ស្ពានអាកាសក្បាលថ្នល់។
ដើម្បីបញ្ចៀសបានជាអតិបរិមានូវផលប៉ះពាល់នានា និងដើម្បីដោះស្រាយបញ្ហាការកក់ស្ទះចរាចរណ៍តាមដងផ្លូវ សាលារាជធានីភ្នំពេញនឹងត្រូវអនុវត្តគម្រោងការការដ្ឋាននៅវេលាយប់ចាប់ពីម៉ោង ៨ដល់ម៉ោង ៦ព្រឹកចាប់ពីថ្ងៃទី២៣ ខែមេសា ដោយផ្ដើមពីមហាវិថីម៉ៅសេទុង។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឯកភាពជាផ្លូវការដើម្បីកែលម្អកំណាត់ផ្លូវទាំងនេះ ដើម្បីលើកកម្ពស់សោភណភាព និងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ៕
ដោយ៖ សំរិត