ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានរៀបចំសន្និបាតដើម្បីផ្សព្វផ្សាយពីរបាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ (២០១៧-២០២២) និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ(២០២២-
២០២៧) រួមទាំងបង្ហាញនូវសមាសភាពបេក្ខជនពេញសិទ្ធិ និងបម្រុងក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពលោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង ដែលបានប្រារព្វធ្វើឡើងនៅក្នុងឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានសមាសភាពអ្នកចូលរួមសរុប១៥០នាក់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអូរឬស្សីកណ្តាល លោក ពក ប៊ុនលី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកសៀមបូក គណៈកម្មាធិការបក្សឃុំអូរឬស្សីកណ្តាលសាខាបក្សភូមិ យុវជនគណបក្ស និងបេក្ខជនឈរឈ្មោះត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។
ក្រោយពីបានស្តាប់នូវរបាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុត្តនគោល
នយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំឆ្នាំ(២០១៧-២០២២) និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំឆ្នាំ (២០២២-២០២៧) រួចមកលោក ទ្បូយ សុផាត បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលក្រុមប្រឹក្សាឃុំបានខិតខំកន្លងមកដោយបានយកអស់កម្លាំងកាយចិត្តក្នុងការបំពេញកាតព្វកិច្ចយ៉ាងល្អជូនចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសក្នុងអំទ្បុងពេលស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ។
បន្ទាប់មកលោកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង បានណែនាំដល់អាជ្ញាធរឃុំ ត្រៀមខ្លួនឲ្យបានល្អសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ និងបានផ្តាំផ្ញើដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងធានាបាននូវសន្តិភាពជូនប្រជាពលរដ្ឋ។ ជាមួយ
គ្នានេះលោក ក៏បានធ្វើការណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបន្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រមូលកត់ត្រាទុកនូវរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងចងក្រងជាគំនិតក្នុងការបំផុសចេញជាគោលនយោបាយ និងផែនការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរទ្វេឡើងថែមទៀត និងត្រូវធ្វើការពង្រឹង ពង្រីកការងារគ្រប់គ្រងសមាជិកបក្ស ដើម្បីរួមគ្នាឈានទៅដណ្តើមបានជោគ
ជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ លោក ឡូយ សុផាត បានថ្លែងការកោតសរសើរដល់មន្ត្រីសុខាភិបាល ក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្ត ដែលបានខិតខំគ្រប់បែបយ៉ាងក្នុងការសម្រួលដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង ពិសេសឃុំអូរឬស្សីកណ្តាល ដើម្បីចូលរួមការពារសុខមាលភាពប្រជាពលរដ្ឋក៏ដូចជាសុខមាលភាពសង្គមជាតិរបស់យើង និងចូលរួមការពារជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងសូមឲ្យអាជ្ញាធរឃុំជម្រុញបងប្អូនប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា ។
បន្ទាប់មកលោក ឡូយ សុផាត បានឧបត្ថម្ភថវិកាដល់អង្គសន្និបាតចំនួន១លានរៀល ផងដែរ៕ដោយ៖សហការី