តុលាការ​ សម្រេច​ឃុំ​ខ្លួន​ក្រុមចោរឆក់ ០៣នាក់ ក្រោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កី ម៉ា​នេ​រ៉ា នៅ​រសៀលថ្ងៃ​សៅរ៍​ទី​២៩ ខែមករា ឆ្នាំ​២០២២ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ចោរ​ឆ​​ក់​ទូរស័ព្ទ​ដៃ​ចំនួន​៣​នាក់​ ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ស្មើ​ប្លន់​) ។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនជាប់ចោទ​ទាំង០៣នាក់មានឈ្មោះ ៖

១-ឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរដឹកឥវ៉ាន់ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

២-ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ត ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

៣-ឈ្មោះ យេន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរលក់ដូរ ស្រុកកំណើត ខេត្តកំពត ទីលំនៅបច្ចុប្បន្ន ភូមិទួលពពែ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ អាវុធហត្ថខណ្ឌកំបូល និងអាវុធហត្ថស្រុកអង្គស្នួល បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចមាត់ស្ទឹង ភូមិប្រាំបីមុំ ស្រុកអង្គស្នួល ខេត្តកណ្តាល យកមកធ្វើការសាកសួរ។ ក្រោមវិធានការជំនាញជនសង្ស័យទាំងបីនាក់ខាងលើបានសារភាពឲ្យដឹងដូចគ្នា ពួកខ្លួន និងបក្ខពួកផ្សេងទៀត បានចូលរួមធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ពិតប្រាកដមែន។ បក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ចំណែកវត្ថុតាងទូរស័ព្ទដៃ បានប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០៣ឆ្នាំមកហើយ។

គួរបញ្ជាក់ថា​ ជនសង្ស័យ ទឹម ពុធសំណាង ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេលជាង២ឆ្នាំ។ បច្ចុប្បន្ន​ជនជាប់ចោទទាំង​៣នាក់នេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ បញ្ជូនខ្លួន​ទៅឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារខេត្ត​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print