ចាន់ រិទ្ធី និងបក្ខពួក​ ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចតែត្រូវជនរងគ្រោះជើងខ្លាំងដេញតាមចាប់ជាប់

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេចហើយព្យាយាមរត់គេចខ្លួន​ តែសំណាងអាក្រក់ប៉ះចំនារីរងគ្រោះជើងខ្លាំងបើកម៉ូតូដេញតាមរហូត​ ផ្អើលដល់សមត្ថកិច្ចខណ្ឌទួលគោកអន្តរាគមន៍ចាប់ជាប់តែម្តង​ ។

ករណីឃាត់ខ្លួនចោរឆក់ទូរស័ព្ទខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង១៨​ និង១៧នាទីនៅថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ១៥៣ ផ្លូវលេខ២៨៩ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលខណ្ឌទួលគោក​ បានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ចាន់ រិទ្ធី ហៅខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។​ ចំណែកឯជនរងគ្រោះឈ្មោះ ជា ធីតា ភេទស្រី អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ រីឯវត្ថុតាងចាប់យក ៖​ ទូរស័ព្ទមួយគ្រឿងម៉ាក Samsung Galaxy tap 3 ពណ៌ស មានស៊ីមលេខ 010 817 106 (បាន ប្រគល់ឱ្យជនរងគ្រោះវិញ ,​ ម៉ូតូមួយគ្រឿងម៉ាក CT Plus (កូរ៉េ ) ពណ៌ក្រហម គ្មានស្លាកលេខ មានលេខម៉ាស៊ីន003720 (ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ) ។

ប្រភពដដែរ​បានបន្តទៀតថា​ នៅមុនពេលកើតហេតុ ជនរង គ្រោះបានជិះម៉ូតូម៉ាក HONDA WAVES ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1F-1314 គោលបំណងមកទទួលមិត្តភក្តិចេញពីធ្វើការនៅម្តុំអង់តែនទូរទស្សន៍ជាតិកម្ពុជា ពេលមកដល់ចំណុចកើតហេតុនារីរងគ្រោះបានឈប់ម៉ូតូ រួចដកទូរស័ព្ទ ទំនាក់ទំនងទៅបងស្រី ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកពីក្រោយ ហើយបានអែបខាងឆ្វេងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះបានជិះម៉ូតូដេញតាម រហូត ដល់ទំនប់ទួលគោក កម្លាំងនគរបាល់ប៉ុស្តិ៍បឹងកក់ទី១ និងនគរបាលប៉ុស្តិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ បានអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់ និងវត្ថុតាង (ទូរស័ព្ទរបស់ជនរងគ្រោះ ) ចំណែកជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕​

image

image

ដោយ៖​ ស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print