ភ្នំពេញ៖ បុរសជាមន្ដ្រីនគរបាលរដ្ឋបាលប៉ុស្ដិ៍ប្រទះឡាងម្នាក់ ត្រូវបាននារីជាអតីតសង្សាដាក់ពាក្យបណ្ដឹងពីបទរំលោភ ក្រោយពេលឮថាជនសង្ស័យដោះដៃទៅរៀបការជាមួយនារីដ៏ទៃ។
ហេតុការណ៍កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសម្តីពីនារីរងគ្រោះ ឈ្មោះ ថេន ចន្ធ័បូរមី អាយុ ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពងទឹក មានទីលំនៅក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ខ្លួននិងជនសង្ស័យបានស្រលាញ់គ្នារយៈពេល៣ឆ្នាំកន្លងមកហើយ តែខ្លួននិងបុរសនេះ ទើបតែមានភាពស្និទស្នាល និងគ្នា កាលពីដើមឆ្នាំ២០១៦ ហើយខ្លួននិងជនស្ស័យក៏ធ្លាប់បានដើរលេងជាមួយគ្នាជាច្រើនលើកច្រើនសារ។ លុះមកដល់យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ អ្នកភូមិបានប្រារព្ធពិធីបុណ្យដារឆ្លងភូមិ ហើយក៏មានការចាក់ធុងបាស រាំលេងកម្សាន្ដ បន្ទាប់មកខ្លួនបានសុំម្ដាយមកលេង រួចក៍បានជួបជាមួយនិងជនសង្ស័យ ក្រោយមករូបនាងត្រូវបានជនសង្ស័យបបួលមកទីស្នាក់ការប៉ុស្ដិ៍ប្រទះឡាង ដោយប្រាប់ទៅប្ដូរខោអាវទៅចាប់ករណីគ្រឿងញៀន តែពេលមកដល់បែរជាអូសរូបនាងចូលក្នុងបន្ទប់នាយប៉ុស្ដិ៍ រួចធ្វើសកម្មភាព ដោយដៃម្ខាងច្របាច់កនាង ហើយដៃម្ខាងទៀតដោះសម្លៀកពាក់ ហើយបានធ្វើសម្មភាពរំលោភបានសម្រេចតែម្ដង។ ក្រោយពីធ្វើសកម្មភាពរំលោភនាងបានសម្រេចហើយជនសង្ស័យបានលួងលោមរូបនាងថា រូបគេនឹងប្រាប់ឪពុកម្ដាយឲ្យចូលស្ដីដណ្ដឹងនាងតាមប្រពៃណី ហើយនាងក៏បានយល់ព្រម ដោយពុំមានការប្ដឹងផ្ដល់នោះទេ ដោយខ្លួនសុខចិត្តរង់ចាំការសន្យា។
នារីរងគ្រោះបានរៀបរាប់បន្តឲ្យដឹងទៀតថា លុះកន្លងបានប៉ុន្មានខែក្រោយមក នាងក៏បានលេចលឺដំណឹងថា ជនសង្ស័យបានចូលស្ដីដណ្ដឹងនារីដទៃ ដោយគ្រោងនឹងរៀបការនៅក្នុងខែ ឧសភា ខាងមុខនេះទើបខ្លួនមិនសុខចិត្ដមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រទះឡាង ដើម្បីឲ្យជួយរកយុត្ដិធម៌ដល់រូបនាង។
បើតាមការឲ្យដឹងពីជនសង្ស័យឈ្មោះ សៀង ឆេងអាន អាយុ២៨ ឆ្នាំ មុខរបរជាមន្ដ្រីនគរបាលប៉ុស្ដិ៍ប្រទះឡាងតែម្ដង ដែលមានទីលំនៅ ក្នុងភូមិកើតហេតុ បានឲ្យដឹងថា ខ្លួនពិតជាបានមានទំនាក់ទំនងស្នេហាជាមួយនារីនោះពិតប្រាកដមែន តែខ្លួនមិនបានប្រព្រឹត្ដិនូវរឿងដូចដែលនារីម្នាក់នេះចោទនោះទេ។
ពាក់ព័ន្ធទៅនិងករណីនេះលោក ឈឹម ប៊ុនរត្ន័ អធិការរងនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យមិនត្រូវបានធ្វើការឃាត់ខ្លួននោះទេ ដោយគ្រាន់តែប្រាប់ខាងជនរងគ្រោះថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងហួសថ្ងៃឃាត់ខ្លួន ដូច្នេះគ្រាន់តែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាដើម្បីស៊ើបអង្កេតតាមក្រោយ៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ