ទីតាំងខ្សាច់យ៉ាងតិច៧កន្លែងក្នុងខណ្ឌឫស្សីកែវ រងបណ្តឹងប្រជាពលរដ្ឋ និងបំពុលបរិស្ថាន អាជ្ញាធរមិនខ្វល់ សំខាន់គិតប្រយោជន៍ជាធំ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចមានទីតាំងស្តុកខ្សាច់សម្រាប់បន្តដឹកចែកចាយទៅកាន់ការដ្ឋានសំណង់ ការធ្វើអាជីវកម្មសាងសង់ផ្សេងៗនៅក្នុងរាជធានីភ្នំពេញ មានចំនួន៧កន្លែងធំៗ ស្ថិតក្នុងខណ្ឌឫស្សីកែវ និងប្រឈមបណ្តឹងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ពិសេសបង្កប៉ះពាល់បរិស្ថាន ហានិភ័យខ្ពស់ បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ប៉ុន្តែទីតាំងទាំងអស់ មិនត្រូវ បានអាជ្ញាធរ ជំនាញពាក់ព័ន្ធមានវិធានការដោះស្រាយ ណែនាំដូចអ្វីដែលសាលារាជធានីភ្នំពេញកំណត់នោះឡើយ ។

គេបានរៀបរាប់ថា ទីតាំងស្តុកខ្សាច់ទាំងនោះរួមមាន ១ ទីតាំងស្តុកខ្សាច់ដ៏ធំ នៅជិតវិហារចាម ជាប់កំណាត់ផ្លូវជាតិលេខ៥របស់ឈ្មោះ ហួត ជាសមត្ថកិច្ចពាក់សក្តិក្រាស់ផងដែរ ។ ទី២ ទីតាំងស្តុកខ្សាច់ដ៏ធំ ដាក់ក្នុងកន្លែងអតីតម៉ាស៊ីនអារឈើរបស់លោកស្រីផ្កាយបី១រូបនៅយោធា ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ដែលមានចម្ងាយមិនលើសពី១ម៉ែត្រ កំណាត់ផ្លូវជាតិលេខ៥ ។ ទី៣ ទីតាំងស្តុកខ្សាច់របស់ឈ្មោះទ្រី យ៉ា ហ៊ានដាក់នៅចំពីមុខផ្លូវចូលសាលារៀនសម្តេចជា ស៊ីម និងបង្កបញ្ហាមិនចេះចប់ជាមួយប្រជាពលរដ្ឋ ដូចជាករណីចាក់រាលដាលរំលោភទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ ប៉ះពាល់ហ៊ុយដ៏ទ្រលោមទៅលើសាលារៀនសម្តេចជា ស៊ីម ដែលសិស្សានុសិស្សកំពុងរៀនសូត្រ ប៉ះពាល់បរិស្ថាន សុខភាពធ្ងន់បំផុត ។ ជុំវិញបញ្ហាទីតាំងស្តុកខ្សាច់របស់ឈ្មោះទ្រី យ៉ា នេះមានបណ្តឹងប្រជាពលរដ្ឋ គ្រូបង្រៀនមួយកំផ្លុសទៅហើយ តែចំពោះដំណោះស្រាយ អាជ្ញាធរ សង្កាត់ ខណ្ឌ ផ្តោតអារម្មណ៍ និងបន្តដោយចេតនា ឲ្យតម្លៃតែក្រុមឈ្មួញទ្រី យ៉ា តែប៉ុណ្ណោះ ខណៈសំឡឹងឃើញលាភសក្ការៈ ជាងតម្រូវការប្រជាពលរដ្ឋ កំពុងប្រឈមបញ្ហារងគ្រោះទាំងនេះ ។ ទី៤ ទីតាំងស្តុកខ្សាច់របស់ឈ្មួញឈ្មោះ នួន សន លើកំណាត់ផ្លូវបេតុង ម្តុំឡឥដ្ឋ ផ្លូវឆ្ពោះទៅកាន់ក្រេនភ្នំពេញ បានប្រើរថយន្តធំដឹកបំផ្លាញផ្លូវក្នុងភូមិ រួមទាំងផ្លូវបេតុងដែលទើបនឹងស្ថាបនាហើយផងដែរ ។ ទី៥ ទីតាំងស្តុកខ្សាច់របស់ឈ្មោះ លី គឹមហេង ស្ថិតនៅមាត់ទន្លេ ក្នុងគីឡូម៉ែត្រលេខ៩ ប៉ុន្តែទីតាំងនេះត្រូវបានគេទទួលស្គាល់ថា ស្ថិតក្នុងរបងហ៊ុំព័ទ្ធជុំវិញជាមួយនឹងការរៀបចំបច្ចេកទេសនូវម៉ាស៊ីនបូមទឹក កន្លែងក្រាលបេតុងសម្រាប់ឲ្យរថយន្តដឹកខ្សាច់ចូលសំអាតលាង ពេលដឹកចេញពីទីតាំងខាងលើ យកទៅឲ្យឈ្មួញឬការដ្ឋានដែលជាដៃគូរបស់ខ្លួន ។ ទី៦ ទីតាំងស្តុកខ្សាច់របស់បុរសដែលមានឥទ្ធិពល ញ៉ឹក ផន ហៅតាកៅ ជាប់ផ្លូវជាតិលេខ៥ ។ កន្លងមក លោកញ៉ឹក ផន មានកន្លែងស្តុកខ្សាច់ដ៏ធំជាងគេនៅទីនោះ សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ ។ ដោយសារឥទ្ធិពលអំណាចទឹកប្រាក់ ញ៉ឹក ផន ហៅតាកៅ បានធ្វើបាបទៅកាន់ឈ្មួញដទៃទៀត បន្ទាប់ពីឃុបឃុតគ្នាជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ បង្កើតជាមុខរបរផ្តាច់មុខ ផ្ទុយពីទ្រឹស្តីពាណិជ្ជកម្មអ្វីដែលគេហៅថា ការធ្វើពាណិជ្ជកម្ម ដោយគ្មានភាពស្មោះត្រង់នោះ ។ និងទី៧ ទីតាំងស្តុកខ្សាច់របស់ឧកញ៉ា នេត សុវណ្ណរិទ្ធ អតីតក៏ជាថៅកែសង់ផ្ទះល្វែងលក់ សព្វថ្ងៃផ្ទុកខ្សាច់បង្កឲ្យហូរហៀរប៉ះពាល់ទៅលើលំនៅឋានអ្នកជិតខាងកាន់តែមានទ្រង់ទ្រាយធំខ្លាំងឡើងៗ ។ ដោយឡែកអាជ្ញាធរមើលមិនឃើញទេ រាល់ផលប៉ះពាល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។

អាជ្ញាធរមួកដ្ឋានបានឲ្យដឹងថា ទីតាំងស្តុកខ្សាច់ទាំងអស់ លើកលែងតែមួយកន្លែង គឺរងបណ្តឹងប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ទី១ បញ្ហាចាក់ខ្សាច់នៅលើទីតាំងនីមួយៗ រំលោភទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ រស់នៅជិតខាង ទី២ ការដឹកជញ្ជូនពេលខ្លះបង្កឲ្យមានការហ៊ុយទ្រលោម បណ្តាលឲ្យអ្នកដំណើររងគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ។ ទី៣ ពួកគេអាងលុយ អាងបក្ខពួក ម្នាក់ៗ សុទ្ធតែមានអំនួត (អញស្គាល់អ្នកនេះ អញមានអ្នកនោះ អញ អ្នកណាក៏ស្គាល់) ប៉ុន្តែភាពអំនួតទាំងនេះចៀសមិនផុតពីថ្ងៃណា នឹងធ្លោយចេញនូវពាក្យថា អុញ ផងដែរ ខណៈសមត្ថកិច្ច អាជ្ញាធរ និងជំនាញលះបង់ការទទួលយកនូវសំណូក ដែលគ្មានតម្លាភាព ឬយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះដោយសារការប៉ះពាល់បរិស្ថាន បង្កឡើង ដោយក្រុមឈ្មួញរកស៊ីលោតឆត្រ និងមិនប្រតិបត្តិតាមសាលារាជធានី ។

ពាក់ព័ន្ធទៅនឹងការរិះគន់ រួមទាំងបណ្តឹងផងដែរពីប្រជាពលរដ្ឋ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ជមួយ​ នគរដ្រេហ្គនមិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហាទាំងអស់នេះទេ ដោយលោកគ្រាន់តែ ប្រាប់យ៉ាងខ្លីថា «សូមទោសផងដែរ បង រឿងទាំងអស់នេះ អាចសួរទៅកាន់លោក កូប ស្លេះ អភិបាលរងខណ្ឌទៅ ដឹងហើយ ពីព្រោះ គាត់ជាអ្នកគ្រប់គ្រងលើបញ្ហាទាំងអស់នេះ» ។ លោកបន្តថា ខ្ញុំមានធុរៈប្រជុំ ដូច្នេះ សួរទៅកាន់គាត់ បានដឹងច្បាស់ ។

ដោយឡែក លោក កូប ស្លេះ អភិបាលនៃគណៈអភិបាលរងខណ្ឌឫស្សីកែវបានប្រាប់នគរដ្រេហ្គន​ នាថ្ងៃរសៀលដដែលនេះផងដែរថា រឿងទីតាំងស្តុកខ្សាច់ ខ្ញុំដឹងអស់ហើយ ចំពោះបណ្តឹង ឬមិនបណ្តឹង ខ្ញុំឆ្ងល់ដល់ហើយ កន្លែងសាលាខណ្ឌ គ្រាន់តែមួយចំអាម ឬមួយម៉ែត្រសោះ ហេតុអី ក៏ពួកគេ(ប្រជាពលរដ្ឋ) មិនមកប្តឹង ចេះតែលេចឮថា ប្តឹង ។ ដោយឡែក ករណីដែលប្រជាពលរដ្ឋរិះគន់ខ្លាំងបំផុតចំពោះទីតាំងស្តុកខ្សាច់របស់លោកទ្រី យ៉ា នៅមុខសាលាសម្តេចជា ស៊ីម ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ និងសាលារៀន របស់សិស្សានុសិស្ស លោក កូប ស្លេះ បាននិយាយយ៉ាងដូច្នេះបន្តថា ខ្ញុំក៏ឮដែរ តែមកទល់ពេលនេះ គ្មានអ្នកណាមកប្តឹងមួយទេ កុំចេះតែថា ហើយរឿងអ្នកកាសែត បើចុះពីទីតាំងស្តុកខ្សាច់ ត្រូវចុះគ្រប់កន្លែងទាំងអស់ កុំរបៀបចុះខ្លះ ទុកខ្លះ ឲ្យមានភាពស្មើគ្នាផង រួចក៏បិទទូរស័ព្ទ ។

អាជ្ញាធរសាលារាជធានីភ្នំពេញ គួរតែមានវិធានការទប់ស្កាត់ និងឲ្យជំនាញចុះត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីទីតាំង កំពុងរងបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនគ្មានសណ្តាប់ធ្នាប់ ដូចជាពុំបានគ្របត្រឹមត្រូវតាមការណែនាំ របស់សាលារាជធានីភ្នំពេញ ដឹកចូលក្រុងមិនអនុវត្តតាមពេលវេលា និងម៉ោងកំណត់ ៕

image

image

image

image

image

ដោយ៖ សុខ ខេមរា

111

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print