ខេត្តកែប៖ អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ បានថ្លែងថា៖ គម្រោងពង្រីកនិងស្ថាបនាផ្លូវបេតុងជុំវិញឧទ្យានជាតិ ខេត្តកែបជាគំនិតផ្តួចផ្តើមរបស់រដ្ឋបាលខេត្តព្រមទាំងមានកិច្ចគាំទ្រពីក្រសួងបរិស្ថានដើម្បីត្រៀមទទួលទេសចរមកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិសេសបង្កើនភាពទាក់ទាញភ្ញៀវសម្រាប់ខេត្តកែបទាំងមូល។ ផ្លូវនេះនឹងស្ថាបនា បន្ថែមជាងប្រាំមួគីឡូម៉ែត្រព្រមទាំងរៀបចំជាមណ្ឌលទេសចរណ៍ធម្មជាតិដែលមានកន្លែងសម្រាប់បោះតង់ជាប់មាត់ទឹកនៅលើឧទ្យានជាតិកែបដោយមានការបំពាក់ភ្លើងបំភ្លឺផងដែរ។
លោក សោម ពិសិដ្ឋ បានថ្លែងបន្តថា គម្រោងនេះនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងរយៈពេលពីរខែពោលគឺមុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។ នេះជាសមិទ្ធផលថ្មីសម្រាប់ខេត្តកែបបន្ថែមលើគម្រោងពង្រីកឆ្នេរប្រវែង២.៧០០ម៉ែត្រដែលអាចឱ្យភ្ញៀវមកកម្សាន្តបានកាន់តែច្រើន។
អភិបាលខេត្តរូបនេះ ក៏បានគូសបញ្ជាក់ថា៖ ឧទ្យានជាតិកែបមានផ្ទៃដីជាងមួយពាន់ហិកតាស្ថិតនៅចំកណ្តាលទីក្រុងកែប។ ពេលភ្ញៀវសម្លឹងចេញពីឧទ្យានជាតិនោះនឹងមើលឃើញទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងកែប និងបណ្តាកោះនានានៅលើផ្ទៃសមុទ្រ។ ឧទ្យានជាតិនេះតែងផ្តល់ទិដ្ឋភាពបៃតងស្រស់ខួបប្រាំងវស្សា និងជាជម្រកសម្រាប់សត្វព្រៃច្រើនប្រភេទផងដែរ៕
ដោយ៖សហការី