ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងកាលពីរសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញថា ចៅក្រម
សេុីបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន លើជនត្រូវចោទម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
លោក ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបញ្ជាក់ទៀតថា ជនជាប់ចោទដែលត្រូវបានឃុំខ្លួនឈ្មោះ អ៊ុយ ផាត ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន រស់នៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសត្រូវបានឃុំខ្លួនខាងលើនេះ បើតាមការបញ្ជាក់អះអាងពីលោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឱ្យដឹងថា ជនត្រូវចោទ(អ៊ុយ ផាត)បានប្រើកាំបិតផ្គាក់ជាអាវុធកាប់ជនរងគ្រោះឈ្មោះ ភួង សុផុន ហៅឡយ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ត្រូវចំក្បាលរងរបួសធ្ងន់កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចអូរកង់ឡាន ដោយមូលហេតុមកពីផឹកសុីជុំគ្នា ហើយពេលស្រវឹងរៀងៗខ្លួនជនដៃដល់(អ៊ុយ ផាត)បានសុំទៅមុនដោយប្រញាប់ទៅហៅកូន ប៉ុន្តែជនរងរបួស(ភួង សុផុន)ហៅឡយមិនឲ្យទៅក៏កើតជាទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅមកក្លាយជាហិង្សាបែបនេះតែម្ដង ៕
ដោយៈ បុឹម ពិន