អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា អឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាល ស្ងប់ស្ងាត់ពីការឆ្លងកូវីដ-១៩ ក្រោយរយៈពេលជាង២ឆ្នាំបានតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ មូលហេតុនៃការបញ្ចប់សង្គ្រាមប្រឆាំងកូវីដ-១៩ ដោយសារតែការចាក់វ៉ាក់សាំងបានច្រើន។ ចំណែកវីរុសបំប្លែងថ្មីអូមីក្រុងវិញមិនបង្កជំងឺធ្ងន់ឡើយ ហើយរដូវរងានៅក្នុងតំបន់អឺរ៉ុបជិតដល់ទីបញ្ចប់ហើយ។ តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុបដូចជា «បទឈប់បាញ់» នាំមកនូវភាពស្ងប់ស្ថាត់យូរអង្វែងដល់ប្រទេសក្នុងតំបន់នេះ។ នេះជាសកម្មភាពដ៏ល្អបំផុតដើម្បីឆ្ពោះទៅរកជីវភាពរស់នៅធម្មតាវិញ បញ្ចប់ក្តីបារម្ភពីការឆ្លងកូវីដ-១៩។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ នៅលើពិភពលោក គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៩១, ៣៩៣,៨៧៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៧៤៣,៩២១នាក់ និងជាសះស្បើយឡើងវិញ ៣១០,២៦៤,០២០នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧៧,៤៩៦,៨៦០នាក់ ស្លាប់ចំនួន ៩២៤,៥៣០នាក់ និងជាសះស្បើយចំនួន ៤៧,៥៧៣,៥៨៦នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ០៧៨,៦៥៣នាក់ ស្លាប់ចំនួន ៥០១,១៤៣នាក់ និងជាសះស្បើយ ៤០,២៣៦, ៣៥០នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៦, ៣១៩,០៣៣នាក់ ស្លាប់ ៦៣១,០៦៩នាក់ និងជាសះស្បើយ ២២,៦១៧,៦៦៥នាក់៕ ដោយសាធី
រូបថត៖Bloomberg