(តពីលេខមុន)
៣-របៀបនិយាយនាំភ្ញៀវឲ្យស្គាល់គ្នា
– សូមជម្រាបលោក នេះលោក…(នាមនិងការងារ)
– ជម្រាបអ្នក នេះអ្នក…(នាមនិងរបររកស៊ី)។ បើជាស្រ្តីនិងស្រ្តី ថាកាត់ខ្លីៗទៅក៏បាន :
– នេះលោកស្រី…(ចេញនាមស្វាមី)
– នេះលោកស្រី…(ចេញនាមស្វាមី) ។ បើចង់បង្ហាញថ្នាក់ និងឋានន្តរស័ក្តិត្រូវថា:
– សូមជម្រាបលោកស្រី! នេះលោកស្រីភរិយាលោកចៅហ្វាយស្រុក(នាម)…ស្រុក…ខេត្ត…។
– នេះអ្នកស្រី…(នាម)ជាភរិយាលោក…(នាម) ជាកល្យាណមិត្តរបស់ខ្ញុំ ។
បើអ្នកម្ចាស់ផ្ទះនាំឲ្យស្គាល់រួចហើយ ភ្ញៀវទាំងពីរនាក់ត្រូវគោរពមុន(គឺងក់ក្បាលឬសំពះតាមគួរសម)គឺត្រូវនិយាយទៅកាន់ភ្ញៀវដែលនឹងទទួលបដិសណ្ឋារៈ ដោយដំណើរផ្សេងៗដែលគួរផ្ដើមនិយាយឡើងឲ្យបានជាការរាប់អានគ្នានៅពេលនោះនឹងតទៅថ្ងៃក្រោយទៀត។
បើជាបុរសនិងបុរសដែលត្រូវគេនាំឲ្យស្គាល់លោកនេះ លោកនោះគប្បីធ្វើគារវកិច្ចមុន (គឺងក់ក្បាលឬសំពះ) នៅគ្រាដែលគេប្រាប់ហើយនូវនាមយើងទៅលោកនោះអ្នកនោះ ។ មួយរំពេចនោះយើងត្រូវបន្លឺនូវវាចាថា:
– សូមប្រណិប័តន៍ព្រះតេជគុណ!
– ជម្រាបសួរ លោកអ្នក !
– សូមប្រណិប័តន៍ដោយគោរព!
– សូមជម្រាបសួរដោយស្មោះ!
លោកអ្នក ដែលបានទទួលគារវកិច្ចត្រូវធ្វើឲ្យគួរសមតបទៅវិញភ្លាមៗ ដូចមានរបៀបខាងក្រោមនេះ :
– ជម្រាបសួរ លោកចាងហ្វាង !
– សុខសប្បាយទេលោកចៅហ្វាយស្រុក !
– សុខទុក្ខយ៉ាងណាទៅលោកក្មួយ!
– សប្បាយជាទេលោក អ្នក។ល។
– បើតាមរបៀបទម្លាប់ទំនៀមប្រទេសអឺរ៉ុប អ្នកដែលគោរពមុនគេ តែងតែបន្លឺនៅងារការនៃលោកអ្នក ឯណាដែលគេគោរពដូចមានតទៅ :
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត