ភ្នំពេញ ៖ យោងតាម សេចក្តីណែនាំបន្ទាន់របស់ រដ្ឋបាល រាជធានីភ្នំពេញ ស្តីពី ការចាត់វិធានការបន្ទាន់ ចំពោះការរកឃើញករណ៍វិជ្ជមានជំងឺកូវីដ ១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទអូបីក្រុង ក្នុងចំណោមក្រុមបាតុករអតីត បុគ្គលិកក្រុមហ៊ុនណាហ្គាវើល បាន ឱ្យ ដឹង ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ ពីក្រុមគ្រូពេទ្យ បានចុះយកសំណាកក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងប្រមូលផ្ដុំតវ៉ា សម្តែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA បានរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងជាបន្តបន្ទាប់ ដែលគ្រាន់តែក្នុងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ មានករណីវិជ្ជមានថ្មី រហូតដល់ទៅ ២៩នាក់ ជាចំនួនដ៏ច្រើនគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។
សេចក្ដីណែនាំបានឱ្យដឹងទៀត ថា ចំពោះមុខ ដើម្បីថែរក្សាអាយុជីវិតក្រុមបាតុករ និងក្រុមគ្រួសារសាច់ញាតិ ក៏ដូចជាដើម្បីចៀសវាង សោក នាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ជាពិសេស ធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គណៈកម្មការប្រយុទ្ធនឹងជំងឺកូវី៩-១៩ ថ្នាក់រាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម ៖ ១-មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ចែងបាញ់ថ្នាំសម្លាប់មេរោគចំពោះមធ្យោបាយធ្វើដំណើរ និងទីតាំងសាធារណៈ ដែលក្រុមបាតុករធ្លាប់បានប្រើប្រាស់ ដូចជា រថយន្តក្រុង ដែលក្រុមបាតុករធ្លាប់បាន ធ្វើដំណើរទៅយកសំណាក ទីតាំងផ្ញើទុកដាក់យានជំនិះរបស់ក្រុមបាតុករទីតាំងហូបអាហារ និងបន្ទប់ទឹក ជាដើម។
២- ចំពោះក្រុមបាតុករដែលមិនទាន់ទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកដោយអនុវត្តតាមការណែនាំ របស់ក្រុមគ្រូពេទ្យ និងត្រូវណែនាំដល់ក្រុមគ្រួសារសាច់ញាតិ-មិត្តភក្តិ ដែលសង្ស័យមាន ជាប់ពាក់ព័ន្ធដោយ ផ្ទាល់ ឬ ដោយ ប្រយោល ត្រូវអញ្ជើញទៅយកសំណាកតេស្តរកជំងឺកូវីដ-១៩ជាដាច់ខាត។
៣-ក្រោយពេលយកសំណាករួច ក្រុមបាតុករ និងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវធ្វើ ចត្តាឡីស័ករយៈពេល ៧ ថ្ងៃ និងត្រូវបញ្ឈប់នូវរាល់ការប្រមូលផ្តុំ ឬ ការជួបជុំក្រុមគ្រួសារ សាច់ញាតិ-មិត្តភក្តិ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។ ក្នុងករណីមិនអនុវត្ត »តាមវិធានសុខាភិបាល អាជ្ញាធរ មានសមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាល ចាត់បញ្ជូនបុគ្គលរឹងរូសឱ្យទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ (ព្រែកព្នៅ) ក្នុងនោះ៖ អនុលោមតាម អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានកំណត់ថា “បុគ្គល ដែលគេចវេរពីការធ្វើចត្តាឡីស័កឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យ អន្តរការណ៍ជាប្រាក់ពី ១លានដល់ ៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន” ។
៤-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ត្រូវសហការជាមួយរដ្ឋបាលខណ្ឌទាំង ១៤ ដើម្បីតាមដាន ឃ្លាំមើល និងចាត់វិធានការនៅតាមទីតាំងស្នាក់នៅរបស់ក្រុមបាតុករអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងមូលដ្ឋាននីមួយៗ សំដៅណែនាំដាស់តឿនឱ្យពួកគេ និងអ្នកពាក់ព័ន្ធ ត្រូវមកយកសំណាកឱ្យបានទាន់ពេលវេលា និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
៥- គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌដូនពេញ និងមន្ទីរ សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធាន ការរដ្ឋបាល និងវិធានការច្បាប់ ចំពោះបុគ្គលទាំងឡាយ ណា ដែលបន្តការប្រមូលផ្តុំ ឬការជួបជុំ ដោយមិនអនុវត្តតាមវិធានការសុខាភិបាល បង្កការរាំងស្ទះដល់ ការបំពេញ ការងាររបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ចស្របតាម ច្បាប់ ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រក បដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន ក្នុងនោ៖ មានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មាន ការលើកលែងឡើយ៕
ដោយ៖ សំរិត