លោកស្រី ម៉ែន សំអន៖ បានជំរុញឲ្យមន្ដ្រីអធិការកិច្ច ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព សុចរិតភាព ម៉ឺងម៉ាត់ ចំពោះបេសកកម្មអធិការកិច្ច ដើម្បីលប់បំបាត់អំពើពុករលួយ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា លោកស្រីបានជំរុញឱ្យមន្ដ្រីអធិការកិច្ចទាំងអស់ត្រូវបន្ដ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព សុចរិតភាព ម៉ឺងម៉ាត់ ចំពោះបេសកកម្មអធិការកិច្ចរបស់ខ្លួនដើម្បីលុបបំបាត់អំពើពុករលួយ ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដែលមានបួនដំណាក់កាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដើម្បីអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដោយកំណត់អាទិភាព សូចនាករ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់សម្រាប់អនុវត្តនិងដាក់ចេញនូវយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្អែកលើលទ្ធផលការងារ។

     លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញបែបនេះខណៈដែលលោកស្រីចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២  កាលពីរសៀលថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២២  នៅសណ្ឋាគារសុខាភ្នំពេញ។ 

    លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិឆ្នាំ២០១៩- ២០២៣ជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ កម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ឆ្លើយតបទៅ នឹងបរិការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បញ្ហាប្រឈម និងកាលានុវត្តភាព ទាំងឡាយដែលជាបញ្ហារួមរបស់សង្គមជាតិយើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅអាទិភាពរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

   ចាប់ពីឆ្នាំ២០២០មក កម្ពុជាក៏ដូចជាប្រទេសនានាក្នុងតំបន់ និងពិភពលោកបាននិងកំពុងជួបប្រទះនូវគ្រោះមហន្តរាយនៃការរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនជាបន្តបន្ទាប់ និងបានឆ្លងរាលដាល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនាំឱ្យមានការរំខានដល់ខ្សែចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ និងបង្កជាការរាំងស្ទះទៅដល់តម្រូវការ ព្រមទាំងលំហូរនៃការធ្វើដំណើរ ទេសចរណ៍ សេវាកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ជាហេតុរំខានទៅលើគ្រប់វិស័យ នៃសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

     ដោយឡែកនៅកម្ពុជា វិបត្តិកូវីដ-១៩ក៏បានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។  ដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេ ញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋដែលរងហានិភ័យខ្ពស់ រួមមានការឧបត្ថម្ភសាច់ប្រាក់ ការបង្កើត

មជ្ឈមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ- ១៩ និងការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋដោយសេរី និងទូទៅ ។ 

  លោកស្រីបានបន្ដថា៖  យើងពិតជាមានមោទកភាព ដោយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេ និងមានអត្រាមរណភាពដោយជំងឺកូវីដ-១៩ ទាប។ លើសពីនេះ នៅពេលដែលប្រទេសជាច្រើននៅប្រើវិធានការរឹតត្បិតនៅឡើយ នោះ កម្ពុជាបានបើកសេដ្ឋកិច្ចលើគ្រប់វិស័យជាថ្មី ចាប់ពីខែធ្នូ ឆ្នាំ២០២១មក។

    ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានស្នើឱ្យមន្ត្រី ឬភ្នាក់ងារអធិការកិច្ចត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទៅតាមក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ចដែលបានដាក់ចេញរួចហើយតាមប្រកាសលេខ ០៧៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៨ ដែលក្នុងនោះតម្រូវឱ្យមន្ត្រីអធិការកិច្ចត្រូវឈរលើគោលការណ៍គ្រឹះសុចរិតភាព ភាពមិនលំអៀង សមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព ត្រូវមានភាពទន់ភ្លន់តែម៉ឹងម៉ាត់ ដោយយកច្បាប់ជាធំ និងត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈ ការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារ សំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និង អង្គច្បាប់។ មន្ដ្រីអធិការកិច្ចត្រូវបន្ដ ផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តការអប់រំ និងផ្សព្វផ្សាយច្បាប់ឱ្យបានទូលំទូលាយ គ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅតាមទីប្រជុំជន និងជនបទដាច់ស្រយាល៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print