ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង ហើយបុរសជាឪពុករងរបួស ដោយសារតែលង់លក់ក្នុងដំណេក ចំពេលភ្លើងឆេះផ្ទះទាំងកណ្តាលអាធ្រាត្រ។
ហេតុការណ៍ ក្មេងស្រីម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង រីឯបុរសជាឪពុកបានរងរបួសរលាកភ្លើង ខណៈដែលពួកគេ កំពុងដេកលង់លក់ ស្រាប់តែមានអគ្គិភ័យឆាបឆេះផ្ទះ អស់ទាំងស្រុង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិទី១ (ប្រទាលពរ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ផ្ទះដែលត្រូវភ្លើងឆេះខាងលើ មានទំហំ ៧ម៉ែត្រ គុណនឹង ៨ ម៉ែត្រ ធ្វើអំពីឈើខាងលើ បេតុងខាងក្រោម មានម្ចាស់ផ្ទះឈ្មោះ សយ សៀ ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិខាងលើ ។ នៅវេលាកើតហេតុខាងលើ ខណៈដែលម្ចាស់ផ្ទះ កំពុងដេកលង់លក់មិនដឹងខ្លួន ពេលភ្ញាក់មក ស្រាប់តែភ្លើងឆេះពេញទំហឹងតែម្តង។ ករណីនេះ បណ្តាលឱ្យ ស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ សូត ចាន់រ៉ី អាយុ ១៦ ឆ្នាំ ព្រោះតែដេកលក់មិនដឹងខ្លួន រីឯបុរសជាឪពុករងរបួស ត្រូវបានដឹកយកទៅព្យាបាលភ្លាមៗ ។
ករណីនេះ បណ្តាលឲ្យផ្ទះ ខាងលើ ឆេះអស់ទាំងស្រុង រួមនឹងសម្ភារក្នុងផ្ទះ រួមមាន គ្រែចំនួន ៤, ស្រូវ ២០បាវ, ម៉ូតូ១គ្រឿង, ឯកសារផ្សេងៗ មួយចំនួន, ទូរទស្សន៍មួយគ្រឿង, ទូដាក់សម្ភារចំនួន ២, លុយខ្មែរមួយលានរៀល និងសម្ភារចានឆ្នាំង ខោអាវមួយចំនួនធំ ។
អគ្គិភ័យនេះមានរយៈពេលលឿន។ ក្រោយពេលឆះ អស់ហើយ ទើបសមត្ថកិច្ច ទទួលព័ត៌មាននេះ ។ សមត្ថកិច្ចនៅមិនទាន់អាចវាយតម្លៃបានថា ខូចខាតសរុបទឹកប្រាក់ ប៉ុន្មាននោះទេ ។ រីឯមូលហេតុនៃការឆាបឆេះ សង្ស័យមកពីឆ្លង ចរន្តអគ្គិសនី ៕
ដោយ៖ សូរិយា