ខេត្តស្វាយរៀង៖ មានការប្រទះឃើញបុរសម្នាក់ស្លាប់នៅក្នុងទឹកស្រះបន្ទាប់ពីក្រុមគ្រួសារបាត់យូរមិនឃើញត្រលប់មកផ្ទះទើបស្វះស្វែងដើររក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់
ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ចាន់ សុវណ្ណរ៉ា អាយុ២៩ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមអ្នកភូមិបានអះអាងប្រាប់សមត្ថកិច្ចថា មុនកើតហេតុគេឃើញបុរសឈ្មោះចាន់ សុវណ្ណរ៉ា បានចេញពីផ្ទះតែម្នាក់ឯងក្នុង
គោលបំណងដើរឆ្លុះត្រីទុកធ្វើម្ហូប។
ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារខណៈដែលគេប្រទះឃើញជនរងគ្រោះស្លាប់នៅក្នុងស្រះទឹក ហើយក៏រាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យសពតែម្ដង។
ពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍និងគ្រូពេទ្យចុះទៅពិនិត្យសពហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ខណៈដែលក្រុមគ្រួសារអះអាងថាគាត់មានជំងឺប្រកាច់ដោយខិតខំព្យាបាលដែរ ប៉ុន្តែមិនបានធូរស្រាល។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន