ភ្នំពេញ៖ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព SPORTS: LIVE IN PEACE បានបញ្ជាក់ថា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានផ្ដល់អនុសាសន៍ និងដាក់ចេញនូវយុទ្ធសាស្ដ្រស៊ីជម្រៅ ៩ចំណុច សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រី CAMSOC អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣។
សូមបញ្ជាក់ថា, នេះបើយោងតាមប្រសាសន៍សម្ដេចពិជ័យសេនា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅថ្ងៃទី១០ ខែកុម្ភៈនេះ ក្រោយការរៀបចំរយ: ១ថ្ងៃកន្លះ នៅសណ្ឋាគារសុខា ដែលមានថ្នាក់ដឹកនាំ អាជ្ញាធររាជធានី-ខេត្ត អង្គភាពកីឡា និងតំណាងសហព័ន្ធកីឡាជាតិ ចូលរួមប្រមាណ ៣០០នាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា យោងតាមលទ្ធផលសន្និបាត និងសិក្ខាសាលារយៈពេល ១ថ្ងៃកន្លះនេះ គណៈកម្មាធិការជាតិ CAMSOC ពិតជាទទួលបានស្មារតីទទួលខុសត្រូវរួមគ្នា បទពិសោធន៍ជំនាញ និងលក្ខខណ្ឌតម្រូវមួយចំនួន ជាធាតុចូលដ៏សំខានក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងរាំងស្ទះដល់ដំណើរការអនុវត្តបន្ដ។ ប៉ុន្ដែអ្វីៗទាំងអស់ដែលកើតឡើង និងសមិទ្ធផល ដែលយើងសម្រេចបានទាំងប៉ុន្មានកន្លងមក វានៅតែជាក្ដីសង្ឃឹមរបស់ CAMSOC។ ដូចនេះ ខ្ញុំសូមផ្ដល់អនុសាសន៍ និងដាក់ចេញនូវយុទ្ធសាស្ត្រស៊ីជម្រៅមួយចំនួន តាមអភិក្រមតម្រង់ទិសដូចខាងក្រោម៖
១-ថ្នាក់ដឹកនាំ មន្ដ្រី អគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញ CAMSOC ត្រូវប្រមូលកម្លាំងសរុប លះបង់ពេលវេលា និងការទទួលខុសត្រូវនៅតាមក្រសួង ស្ថាប័នរបស់ខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់តួនាទីភារកិច្ចរបស់ខ្លួន ដែល CAMSOC បានប្រគល់ជូន។ ថ្នាក់ដឹកនាំ និងមន្ដ្រី ដែលមានមុខងារទទួលខុសត្រូវ ត្រូវចំណាយពេលវេលាយ៉ាងតិច ៦០% ក្នុងឆមាសទី១ នៅឆ្នាំ២០២២ និងចាប់ពីឆមាសទី២ ឆ្នាំ២០២២ រហូតដល់ព្រឹត្តិការណ៍ប្រកួត ត្រូវចំណាយពេលវេលា ១០០% ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។
២- គណៈកម្មាធិការជាតិ CAMSOC នឹងពិនិត្យកែសម្រួលជាចាំបាច់ និងជាបន្ទាន់នូវថ្នាក់ដឹកនាំ ឬមន្ដ្រីដែលអសកម្មការងារ មិនទទួលខុសត្រូវលើការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន។
៣-ផែនការអភិវឌ្ឍជំនាញ សូមសសរស្ដម្ភទាំងបី រួមមានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវរួមគ្នាជម្រុញការអភិវឌ្ឍសមត្ថភាព គុណភាព និងគុណផលកីឡាករ-កីឡាការិនីជម្រើសជាតិ ដោយធានាយ៉ាងគត់មត់ថា កីឡាករ-កីឡាការិនី ពិតជាបានហ្វឹកហាត់ទៀងទាត់បំផុត និងបានចូលរួមការប្រកួតលើឆាកអន្ដរជាតិញឹកញាប់ ដើម្បីទទួលបានកម្រិតបច្ចេកទេសជំនាញ និងមានឧត្តមភាពបច្ចេកទេសកីឡាពិតប្រាកដ។
ករណីនេះ ត្រូវពិនិត្យ និងដោះស្រាយរាល់បញ្ហារបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក សហព័ន្ធកីឡាជាតិ ទៅលើការឧបត្ថម្ភគាំទ្រ ការលើកទឹកចិត្ត និងការរៀបចំឧបករណ៍ សម្ភារកីឡា ទីលានហ្វឹកហាត់ តាមស្ដង់ដារបច្ចេកទេសកីឡាអន្ដរជាតិ និងវិទ្យាសាស្ដ្រកីឡាបច្ចុប្បន្ន។ រីឯផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ត្រូវតាមដាន និងរៀបចំគម្រោងថវិកាឲ្យបានច្បាស់លាស់ ទាន់ពេលវេលា និងគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ដល់តម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍជំនាញកីឡាកម្រិតខ្ពស់ខាងលើនេះ។
៤-គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរបស់ CAMSOC រួមជាមួយក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានផុលផុសតាមផែនការរបស់ CAMSOC ពិសេសយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការបំផុសចលនាគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងចូលរួមបំផុសចលនាយុទ្ធនាការអប់រំសង្គម ឲ្យមានប្រសិទ្ធភាពខ្ពស់ គឺ៖
-យុទ្ធនាការទី១: “កីឡារស់ក្នុងសន្ដិភាព”
-យុទ្ធនាការទី២: “ប្រជាជនម្នាក់ លេងកីឡាមួយមុខ”
-យុទ្ធនាការទី៣: “កម្ពុជាស្អាត”
-យុទ្ធនាការទី៤: “កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន”។
៥-គោលការណ៍យុទ្ធសាស្ដ្រសន្សំសំចៃ “Saving Games” ដែលពាក់ព័ន្ធជាមួយក្រសួង ស្ថាប័ន អង្គភាពរាជធានី-ខេត្ត ត្រូវស្នើសុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។
៦-មុខងារសំខាន់ៗមួយចំនួនរបស់គណៈកម្មការជំនាញ ដែលត្រូវប្រគល់សិទ្ធិផ្ដល់សេវានានាដល់ CAMSOC ពីវិស័យឯកជន និងក្រុមហ៊ុនដែលមានគុណវុឌ្ឍិខ្ពស់ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវរៀបចំធ្វើកិច្ចសន្យាឲ្យបានរួចរាល់ ក្នុងឆមាសទី១ ឆ្នាំ២០២២ លើកលែងតែក្រុមហ៊ុនមួយចំនួន ដែលមានលក្ខណៈពិសេស និងតម្រូវការពេលវេលាមិនទាន់មកដល់ ត្រូវចុះកិច្ចសន្យានៅដំណាច់ឆមាសទី២
ឲ្យខាងតែបាន។
៧-ការងារសំខាន់ៗ ចំពោះមុខ ដែលត្រូវសម្រេចឲ្យបានលទ្ធផលជាផ្លូវការក្នុងឆមាសទី១ ឆ្នាំ២០២២ រួមមាន៖
– ការងារចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងការចូលរួមទទួលទង់ស៊ីហ្គេមពីវៀតណាម។
– គ្រប់ទីលានប្រកួតទាំងអស់ ត្រូវពិនិត្យ វាយតម្លៃ និងចាប់ផ្ដើមជួសជុលកែលម្អ ឬសាងសង់ថ្មីឲ្យបានរួចរាល់ ៦ខែមុន នៃព្រឹត្តិការណ៍ប្រកួត។
– ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) ឲ្យទទួលបានការគាំទ្រពេញទំហឹង ពីបណ្ដាប្រទេសសមាជិក SEA Games។
៨- ប្រភេទកីឡាមួយចំនួន ដែលត្រូវធ្វើការប្រកួតក្នុងលក្ខខណ្ឌ Pre-Sea Games ក្នុងឆ្នាំ២០២២-២០២៣ ត្រូវរៀបចំឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្រូបយកបទពិសោធន៍ គន្លឹះសំខាន់ៗ ដើម្បីវាស់ស្ទង់សមត្ថភាព មន្ដ្រីជំនាញកីឡា និងកីឡាករ-កីឡាការិនីឲ្យបានច្បាស់លាស់។
៩-គណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ត្រូវធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អនុលោមភាព និងទាន់ពេលវេលា តាមផែនការសកម្មភាពដែលបានកំណត់។ ទន្ទឹមនឹងនោះ ត្រូវរៀបចំ និងសម្រេចលើគម្រោងថវិកាប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ រួមគ្នាតែម្ដងឲ្យរួចរាល់។
ចុងក្រោយ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រី CAMSOC ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលការងារគួរជាទីមោទនៈក្នុងឆ្នាំ២០២១ ហើយត្រូវប្ដេជ្ញាបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបណ្ដាចំណុចអភិក្រមតម្រង់ទិសទាំង ៩ចំណុចខាងលើ ដែលអង្គសន្និបាត និងសិក្ខាសាលាបានដាក់ចេញ ដើម្បីជំរុញការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់៕
ដោយ : សិលា