កម្ពុជា ជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កម្ពុជា ជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីនេះ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានា របស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈ គ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ត្រ ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ “អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្ដារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្ត្រ-នយោបាយ បញ្ហា ជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print