ក្រសួងទេសចរណ៍ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ នៅខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ ឆ្នាំ២០២០-២០២៤» ក្រោមអធិបតីភាព លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីលោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង  មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងផ្នែកឯកជនជាច្រើនរូប។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកស្រី ហ៊ុន ដានី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា”។ ជាងនេះទៀត ការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងគោលនយោបាយសមភាពយេនឌ័រ ដែលមានចែងក្នុងរបៀបវារ:នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយបានផ្តល់នូវតម្លៃ និងសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការនៃការអភិវឌ្ឍ ព្រមទាំងបានចាត់ទុកថា “ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច  និងសង្គមជាតិ”។ ដោយឡែក ក្រសួងទេសចរណ៍តែងតែគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រនៅគ្រប់ដំណើរការការងាររបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

លោកស្រីរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថាជាក់ស្តែង «សៀវភៅផែនការយុទ្ធសាស្ត្រ» ដែលបានប្រកាសផ្សព្វផ្សាយនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវការបន្ដយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ក្នុងដំណើរឆ្ពោះទៅមុខ ជាមួយនឹងវឌ្ឍនភាពដែលមានការគិតគូរអំពីស្ត្រីតាមរយៈការដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ ឆ្នាំ២០២០-២០២៤” ដែលត្រូវបានរៀបចំឡើងដើម្បីជាផែនទីតម្រង់ទិសឆ្ពោះទៅគោលដៅ«សមភាពយេនឌ័រ» និងអភិវឌ្ឍធនធានស្ត្រីក្នុងវិស័យទេសចរណ៍ ដោយបានកំណត់ច្បាស់នូវចក្ខុវិស័យ បេសកកម្ម ទិសដៅ និងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅពង្រឹងតួនាទី តម្លៃស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងភាពជាដៃគូរបស់បុរស ទាំងក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងការធ្វើសេចក្តីសម្រេចដើម្បីធានាបានសុខដុមនីយកម្ម សេចក្តីថ្លៃថ្នូរ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចតាមរយៈចំណេះ ជំនាញ និងបទពិសោធន៍ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី បានបន្ថែមថា ផែនការយុទ្ធសាស្ត្រនេះ ជាវិធានផងដែរដែលធានាថាគ្រប់អង្គភាពពាក់ព័ន្ធត្រូវលើកផែនការសកម្មភាពរបស់ខ្លួនឱ្យឆ្លើយតបទៅនឹងយេនឌ័រ។  កត្តាជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្តនេះ អាស្រ័យទៅលើការប្តេជ្ញាចិត្តរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសអ្នកដែលមានសិទ្ធិធ្វើសេចក្តីសម្រេច ដើម្បីឈានទៅរកការកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងវិស័យទេសចរណ៍។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជាអតិបរមាទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យនិងគ្រប់កម្រិត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយ:ការបញ្ជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដោយបានបញ្ចូលនូវសូចនាករជាក់លាក់សម្រាប់តាមដានការអនុវត្ត។ ក្នុងនាមលោកជំទាវ ជាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិផង និងជាស្ត្រីមួយរូបផង សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះផែនការយុទ្ធសាស្ត្រនេះ និងរីករាយសហការជានិច្ចជាមួយក្រសួងទេសចរណ៍ ដើម្បីបុព្វហេតុស្ត្រីនិងការរីកចម្រើននៃវិស័យទេសចរណ៍ដែលមានខេត្តកោះកុង ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយផងដែរនោះ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងនាមក្រសួងកិច្ចការនារី ក៏បានសម្តែងនូវការគាំទ្រផងដែរ ចំពោះក្រសួងទេសចរណ៍ដែលបានខិតខំប្រឹងប្រែងដាក់ចេញនូវផែនការយុទ្ធសាស្ត្រគាំទ្រដល់គោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងស្របតាមផែនការយុទ្ធសាស្ត្រនារីរតន: សំដៅអនុវត្តរួមគ្នាជាអន្តរវិស័យ ព្រោះកិច្ចការងាយេនឌ័រមិនមែនជាកិច្ចការងារដោយឡែករបស់ក្រសួងកិច្ចការនារីតែឯងនោះទេ។ លោកជំទាវ ក៏បានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ដែលមានភារកិច្ចជាអ្នកចូលរួមអនុវត្ត និងសម្របសម្រួល ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាមួយនឹងយន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ សំដៅធ្វើយ៉ាងណាឱ្យស្ថានភាពស្ត្រីនៅក្នុងវិស័យទេសចរណ៍ និងស្ត្រីនៅក្នុងប្រទេសកម្ពុជាយើងកាន់តែល្អប្រសើរឡើង៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print