ខេត្តសៀមរាប៖ សត្វដំរីមេមួយក្បាលដែលវ័យចំណាស់អាយុ៦០ឆ្នាំ បានបាត់បង់ជីវិត ដោយដួលបោកក្បាលនឹងដី គួរអោយអាណោចអាធ័ម ខណៈកំពុងដឹកភ្ញៀវទេសចរណ៍នៅខាងមុខប្រាសាទបាខែង ដោយសារហេវហត់និងក្ដៅបណ្តាលមកពីអាកាសធាតុ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី២២ខែមេសាឆ្នាំ២០១៦ ស្ថិតនៅខាងមុខប្រាសាទភ្នំបាខែង ក្នុងភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប បង្កឲ្យមានភ្ញាក់ការផ្អើល។
ប្រភពព័ត៌មានពីបសុពេទ្យបានឲ្យដឹងថាសត្វដំរីដ៏ធំនេះបានដឹកភ្ញៀវទេសចរណ៍ធម្មតាពុំមានកើតអ្វីនោះទេលុះដល់ពេលសម្រាកពីដឹកភ្ញៀវសត្វដំរីនេះក៏ស្រាប់តែវាដួលងាប់ភ្លាមៗនៅមុខប្រាសាទបាខែងឈាងខាងជើងតែម្តង។ លោកបញ្ជាក់បន្ថែមទៀតថាសត្វដំរីញីដែលងាប់នេះវាមានអាយុជាង៦០ឆ្នាំហើយ ដោយសារ ឈាមឡើង បុកទៅបេះដូងទើបបណ្តាលឲ្យវាដួលស្លាប់ភ្លាមៗ។ ប្រភពបានបន្ថែមថាក្រោយពីពិនិត្យហ្មត់ចត់របស់ក្រុមជំនាញបសុពេទ្យខេត្តបានសន្និដ្ឋានថាដំរីនេះបានងាប់ដោយសារគាំងបេះដូងមែនដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេកហើយមិនពាក់ព័ន្ធនឹងជំងឺអ្វីនោះទេ។ បច្ចុប្បន្នសត្វដំរីនេះត្រូវក្រុមជំនាញបានគេយកទៅកប់នៅខាងក្រោយកសិដ្ឋានដំរី មុខប្រាសាទភ្នំបាខែង។
តាមអ្នកគ្រប់គ្រងដំរី របស់ក្រុមហ៊ុន អង្គរវីឡា បានឲ្យដឹងថា៖ដំរីនេះមិនមានជំងឺអ្វីនោះ ទេ តែដោយសារក្តៅខ្លាំងពេក។ លោកបន្ត ថាដំរីនេះកន្លងទៅធ្លាប់ដួលម្តងមកហើយទើបធ្វើឲ្យខ្សោយជើង។ ដំរីនេះមានអាយុ៤៥ឆ្នាំយកមកពីខេត្តមណ្ឌលគីរី។ លោកបន្ថែមថាការដឹកភ្ញៀវ១ជើងបាន២០ដុល្លារហើយក្នុង១ថ្ងៃអាចដើរបាន២ជំុ។ ស្រដៀងគ្នានេះដែរលោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យនៃអាជ្ញាធរអប្សរាបានឲ្យដឹងថា៖ គឺជាលើកទី១ហើយដែលមានករណី ដំរីស្លាប់នៅប្រាសាទបាយ័នតែមិនបណ្តាលឲ្យមានការប៉ះពាល់ដល់ភ្ញៀវទេសចរណ៍នោះទេ។ លោកស្រីបន្តថា ការងារនេះ គឺខាងអាជ្ញាធរអប្សរាមិនមែនជាអ្នកគ្រប់គ្រងនោះទេ គឺជាការងាររបស់ក្រុមហ៊ុន អង្គរវីឡេក។
គួរកត់សម្គាល់ដែរថាករណីនេះនៅក្នុង បណ្តាញសង្គមបានសរសេរផ្សេងៗគ្នាថា “មានការសោកស្តាយនិងអាណិតដំរីនេះ យ៉ាងខ្លាំង” បន្ទាប់ពីហេតុការណ៍បានកើត ឡើងយ៉ាងដូច្នេះមកលើសត្វដ៏កម្រនេះ៕
ដោយ៖ ជានិរន្ដរ៍